វិបត្តិសេដ្ឋកិច្ចទាញទម្លាក់ចំណូលនាំចេញកង់ ថយចុះជាង ៧០លានដុល្លារ

ភ្នំពេញ៖ ការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសបានបន្តធ្លាក់ចុះនៅត្រីមាសទី១ឆ្នាំ២០២៤នេះ។ ទិន្នន័យពីនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា បីខែដើមឆ្នាំនេះខ្មែរលក់កង់ និងកង់អគ្គិសនី បានជិត ៩៧លានដុល្លារតែប៉ុណ្ណោះ។ ចំនួននេះថយចុះ ៤៣ភាគរយ ឬស្មើនឹងជាង៧០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលការនាំចេញកង់កាលនោះមានតម្លៃ ១៧០លានដុល្លារ។
 
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា ការធ្លាក់ចុះនៃទំហំនាំចេញកង់នាពេលនេះបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងបន្តកើតមាន។ វិបត្តិនេះនាំឲ្យការបញ្ជាទិញពីទីផ្សារធំៗទាំងអាមេរិក អឺរ៉ុប និងអាស៊ី ធ្លាក់ចុះព្រមគ្នា។
 
គួរសម្គាល់ថា ការធ្លាក់ចុះនៃការនាំចេញកង់មិនមែនទើបកើតមានទេ។ ការនាំចេញកង់កាលពីឆ្នាំ២០២៣ បានធ្លាក់ចុះពីក្នុងចំនួនទឹកប្រាក់ជិត ៩០០លានដុល្លារ មកត្រឹមជាង ៤០០ លានដុល្លារ។ ពោលគឺធ្លាក់ចុះជាងពាក់កណ្តាល បើធៀបនឹងឆ្នាំ២០២២ ។
 
នៅចំពោះមុខនៃបញ្ហានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម   វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍  លើកឡើងថា រដ្ឋាភិបាលកំពុងបន្តធ្វើពិពិធកម្មផលិតផល ឧស្សាហកម្មដើម្បីជម្រុញការនាំចេញ។
 
សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសកំពូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ក្នុងការនាំចេញកង់ និងជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកង់កំពូលទាំង៥ក្នុងពិភពលោក ដែលនាំចេញកង់បានច្រើនជាងគេបន្ទាប់ពីចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។
 
បច្ចុប្បន្ននេះ មានក្រុមហ៊ុន និងរោងចក្រផលិតកង់ចំនួន ៥ នៅកម្ពុជា ដែលរោងចក្រទាំងអស់នោះមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង។ កាលពីពេលកន្លងទៅថ្មីៗ ក្រុមហ៊ុន   Lin g Rich   Bicycle  ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តលើគម្រោងបង្កើតរោងថាចក្រផលិតកង់ កង់អគ្គិសនី   និងគ្រឿងបន្លាស់ ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ក្រុមហ៊ុននេះវិនិយោគជាង៧លានដុល្លារ និងរំពឹងថាបង្កើតការងារជាង៦០០០កន្លែង៕
 ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner