មាសប្រែប្រួលតម្លៃ ពលរដ្ឋបន្តលក់ចេញច្រើនជាងទិញចូល

ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ ទីផ្សារមាសប្រែប្រួលតម្លៃមិនទៀងទាត់ ពោលគឺ ធ្លាក់ចុះបន្តិច ហើយក៏ឡើងវិញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មាសមួយតម្លឹងតម្លៃជាង ២ ៨៦០ដុល្លារអាមេរិក។ អាជីវករតាមបណ្តាហាងមាស និងផ្សារនានា បានឱ្យដឹងថា មានមនុស្សជាច្រើនបន្តលក់មាសរបស់ពួកគេចេញ ហើយមានអតិថិជនតិតតួចបំផុតបានទិញមាសចូល។

អ្នកនាង ហុង ហុយហ្គិច អ្នកលក់មាសនៅផ្សារសាលាលេខប្រាំ ខេត្តកំពង់ឆ្នាំង ប្រាប់ទូរទស្សន៍អប្សរាថា អ្នកស្រីបានទិញមាសចូលជាច្រើនតម្លឹងហើយក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ។ ម្ចាស់ហាងមាសរូបនេះ រំពឹងថា តម្លៃមាសប្រែប្រួលបែបនេះនឹងធ្វើការទំនោរនៃការលក់ចេញកាន់តែច្រើន ដោយសារតែអតិថិជនមួយចំនួនខ្លាចធ្លាក់ថ្លៃប្រសិនបើរង់ចាំ។

ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ស្ត្រីវ័យជាង៤០ ឆ្នាំម្នាក់បានប្រាប់ទូរទស្សន៍អប្សរាថា អ្នកស្រីបានសម្រេចចិត្តលក់មាសដែលសន្សំទុកច្រើនឆ្នាំមកហើយ ដើម្បីបានចំណេញ និងចំពេលមានតម្រូវការសាច់ប្រាក់។ អ្នកស្រីថា អ្នកស្រីមិនហ៊ានលក់នៅហាងណាផ្សេងក្រៅពីកន្លែងដែលអ្នកស្រីបានទិញចូលនោះទេ ព្រោះខ្លាចគេមិនទិញ ឬបន្ទាបគុណភាពដើម្បីទម្លាក់តម្លៃ។

លោក ឡុង សំណាង អ្នកវិភាគតម្លៃមាស និងជាប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ជឿថា មាសនៅតែមានទំនោរនៃការឡើងថ្លៃ។ ចំពោះការធ្លាក់ថ្លៃមកវិញបន្តិច គឺជាបច្ចេកទេសនៃការជួញដូរប៉ុណ្ណោះ។ លោកវាយតម្លៃថា មាសនៅកម្ពុជា នឹងបន្តឡើងថ្លៃពី ៣ពាន់ ទៅជាង ៣ពាន់១០ដុល្លារ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា នេះជាឳកាសសម្រាប់អាជីវករ។ ពួកគេអាចបញ្ចេញសាច់ប្រាក់ច្រើនក្នុងការប្រមូលទិញ ដើម្បីចំណេញនៅពេលហាងឆេងស្ទុះឡើងបន្ថែមទៀត។

គួរសម្គាល់ថា តម្លៃមាសនៅទីផ្សាសកលបានហក់ឡើងខ្ពស់មិនធ្លាប់មានពីមុនមក។ លោក ឡុង សំណាង អ្នកវិភាគតម្លៃមាស និងអ្នកជំនាញជាច្រើនទៀត បានពន្យល់ថា ភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ហានិភ័យអតិផរណា ការបន្ថយអត្រាការប្រាក់ដែលធ្វើឳ្យដុល្លារអាមេរិកធ្លាក់ថ្លៃ និងភាពតានតឹងភូមិសាស្ត្រនយោបាយ បានរុញឳ្យតម្លៃមាសឡើងដល់កម្រិតខ្ពស់បំផុត។ កត្តាទាំងនេះជំរុញអ្នកវិនិយោគសម្លឹងឃើញមាសជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពបំផុត ដែលនាំឱ្យតម្រូវការកើនឡើង និងតម្លៃកាន់តែខ្ពស់៕
ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner