ក្រសួងមហាផ្ទៃ បន្តពង្រឹងការបំពេញតួនាទីជា សេនាធិការជូន រាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានរៀបចំផែនការយុទ្ធសាស្ត្រស្តីពី ការលើក កម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធ្វើជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយសម្រាប់អនុវត្តពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ សំដៅចូលរួម ចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ឱ្យសម្រេចបានគោលដៅ គោលបំណង និងចក្ខុវិស័យ ដែលបានកំណត់ ដើម្បីធានាដល់ការបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតលើវិស័យអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តកសាង មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់ ។

នេះជាការលើកឡើងរបស់ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ ធ្លាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែង បំពេញតួនាទី-ភារកិច្ចដើម្បីកែលម្អយន្តការផ្តល់សេវាសាធារណៈ សេវាសន្តិសុខ ជាតិ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីម្ចាស់ការ ជាមួយនឹងការចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ“ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” បានយ៉ាងល្អប្រសើរ ។

លោកបន្តថា ជាក់ស្តែងក្នុងអំឡុងពេលរៀបចំការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទី៥ ក៏ដូចជា ព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកាលពីថ្ងៃទី១៣-១៦ មេសា ២០២៤ កន្លងទៅនេះ មានភ្ញៀវ ទេសចរណ៍ចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ជាង ១លាន ៣សែននាក់ និង ភ្ញៀវទេសចរណ៍អន្តរជាតិជាង ១ម៉ឺន ៨ពាន់នាក់ ប្រកបដោយ បរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញដោយក្តីមោទនភាពបំផុត ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner