សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពិនិត្យមើលតួនាទីសាកលវិទ្យាល័យការពារជាតិ ដើម្បីក្លាយទៅជាស្ថាប័នស្រាវជ្រាវយោធា និងបង្កើននូវបរិបទថ្មីៗ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពិនិត្យមើលតួនាទីសាកល វិទ្យាល័យ ការពារជាតិ ដើម្បីពង្រឹងឱ្យក្លាយទៅជាស្ថាប័នស្រាវជ្រាវយោធា និង បង្កើននូវបរិបទថ្មីៗ ដែលកើតមាននៅលើពិភពលោក ។ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោក កំពុងតែវិវឌ្ឍ ជាពិសេសការជះឥទ្ធិពលមកដល់ប្រទេសយើង ការស្វែងយល់ និងការបង្កើនសមត្ថភាពយល់ដឹងរបស់នាយទាហាន ជាពិសេសនាយទាហានយុទ្ធសាស្រ្តដែលទទួលបន្ទុក ក្នុងការរៀបចំផែនការ កាន់តែដើរតួនាទីសំខាន់ឡើង ហើយនៅថ្ងៃខាងមុខ សាកលវិទ្យាល័យការពារជាតិ បណ្តុះបណ្តាលមិនត្រឹមតែកម្រិតយុទ្ធសាស្រ្តយោធានោះទេ ថែមទាំងទៅដល់នយោបាយការពារជាតិ សន្តិសុខជាតិ ដែលអាចបើកទៅដល់មន្ត្រីជាន់ខ្ពស់ពីបណ្តាស្ថាប័នផ្សេងៗដើម្បីចូលរៀន ។

សម្តេចបញ្ជាក់ថា ព័ត៌មានឌីជីថល គឺជាបច្ចុប្បន្ន និងអនាគត យើងមិនចាំបាច់ស៊ើបការថ្មើរជើងប្រដាប់អាវុធទៀតទេ បញ្ជូនមួយក្រុមស៊ើបការទៅចូលទៅព្រៃជ្រៅពិបាក បើហើបតែដ្រូនឡើងលើបន្តិចឃើញ៥គីឡូទៅ១០គីឡូខាងក្នុង ។ សម្តេចបានពន្យល់បន្តថា ការវិភាគ ការយកពង់ប្រយុទ្ធ បច្ចុប្បន្ននេះគេប្រាស់តែកុំព្យូទ័រពីចម្ងាយ ក៏អាចបាញ់ត្រូវដែរ ជាមួយគ្នានេះ ដ្រូនហោះមាននិយាមកាស្រាប់ មានប្រព័ន្ធ GPS ដែលទំនើបជាងមុន ។

សម្តេច ថា ពិតណាស់ យើងមិនអាចចោលនូវជំនាញ ចំណេះដឹងមូលដ្ឋាន អត់អាចយកម៉ាស៊ីនគិតលេខមកហើយឈប់រៀនបូកលេខនោះទេ គឺគ្រឹះដដែលប៉ុន្តែយើងក៏មិនចោលនូវការប្រើប្រាស់បច្ចេកវិទ្យា អញ្ចឹងមហាវិទ្យាល័យបច្ចេកវិទ្យា មហាវិទ្យាល័យព័ត៌មានវិទ្យា ដើរតួនាទីសំខាន់ បន្ថែមលើជ្រុងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីជួយក្នុងការស្រាវជ្រាវ ។

សម្តេចធិបតី បានផ្តល់អនុសាសន៍ថា សាកលវិទ្យាល័យការពារជាតិ ក៏មិនមែនជាស្ថាប័នបង្រៀននោះដែរ ត្រូវពង្រឹងតួនាទីក្នុងការស្រាវជ្រាវថែមទៀត។ សម្តេចបានជំរុញដល់រដ្ឋមន្រ្តីការពារជាតិកម្ពុជា ឱ្យពិនិត្យមើលតួនាទីសាកលវិទ្យាល័យការពារជាតិ ដើម្បីក្លាយទៅជាស្ថាប័នស្រាវជ្រាវយោធា និងបង្កើននូវបរិបទថ្មីៗ។ សម្តេចបានលើកឧទាហរណ៍ថា ការប្រយុទ្ធនៅប្រទេសអ៊ុយក្រែន មានការប្រើប្រាស់នូវតាក់តិចសង្គ្រាមថ្មីៗ ដែលអាចនឹងមានការប្រើប្រាស់តាក់តិចនេះវាយប្រហារមកយើងដែរលើផ្នែកសន្តិសុខ ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យសកលវិទ្យាល័យការពារជាតិ ខិតខំពង្រឹងគុណវឌ្ឍយោធាចារ្យកម្ពុជា ដោយមានគ្រប់កម្រិត និងពង្រីកលទ្ធភាពយោធាចារ្យ ក្នុងការសិក្សាស្រាវជ្រាវលើផ្នែកយោធា។ សម្តេចក៏បានលើកឡើងដែរថា សាកលវិទ្យាល័យក៏ត្រូវកសាងឯកសារសម្រាប់ការរៀនសូត្រថែមទៀត ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner