ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម គ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចូលរួមទស្សនាផងដែរ ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នារសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំមួយជាមួយកងកម្លាំងប្រដាប់អាវុធនិងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បាល់ទាត់នេះដំណើរការទៅដោយរលូននិងទទួលបានជោគជ័យទាំងការរៀបចំសណ្តាប់ធ្នាប់ និងការរក្សាសន្តិសុខ សុវត្ថិភាព ជាដើម ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិភាក្សារៀបចំផែនការសំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ខាងលើនេះដំណើរទៅដោយរលូន និងជោគជ័យ ។

ឯកឧត្ដម បញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍នេះ និងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលកិច្ចការងារនេះទាមទាឱ្យអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចំណតជាដើម ។

ឯកឧត្តម បានបន្តទៀតថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើងគឺដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) ក្នុងការអប់រំផ្សព្វផ្សាយប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខៗផ្សេងទៀតដែលខុសច្បាប់ សីលធម៌សង្គម។ម្យ៉ាងទៀតដើម្បីជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីបទបញ្ជា ០១បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់សុខភាពតាមរយៈព្រឹត្តិការណ៍ និងប្រមូល មូលនិធិសប្បុរសធម៌ជួយដល់ មជ្ឈមណ្ឌលជាតិប្រឆាំងគ្រឿងញៀន និងមន្ទីពេទ្យគន្ធបុប្ផា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner