មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានទទួលជោគជ័យក្នុងការបង្កាត់ អណ្តើកសង្កល់

ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានបញ្ជាក់ពីភាពជោគជ័យក្នុងការបង្កាត់ពូជអណ្តើកសង្កល់/អណ្តើកក្របីក្បាលលឿង ដែលជាប្រភេទពូជកម្របំផុតមួយក្នុងពិភពលោក។

ប្រភពមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់ក្នុងការបង្កាត់ពូជអណ្តើកសង្កល់រួចមកពេលនេះគេបានរកឃើញថាក្នុងចំណោមអណ្តើកដែលគេដាក់ក្នុងការបង្កាត់ពូជមានបញ្ចេញពងរួចហើយ។វាជាក្តីរីករាយមួយដោយសារអណ្តើកទាំងនេះជាប្រភេទជិតផុតពូជនិងកំពុងរងគ្រោះថ្នាក់ខ្លាំងផងដែរ។

អ្នកជំនាញចាត់ទុកថានេះជាលើកដំបូងរបស់មជ្ឈមណ្ឌល ដែលក្នុងចំណោមអណ្តើកទាំងនេះមានអណ្តើកញីសង្កល់ចំនួនបីក្បាលបានដោយឈ្មោល (បន្តពូជ)ហើយបានពង ដោយជោគជ័យ។ សំបុកនីមួយៗមានពងចន្លោះពីប្រាំគ្រាប់ ទៅប្រាំបួនគ្រាប់។កាលពីចុងខែមីនាកន្លងទៅ ក្រុមការងារបានប្រទះឃើញកូនញាស់ដំបូងគេវារចេញពីសំបុករបស់ពួកវា ជាមួយនឹងការរំពឹងទុកថានឹងមានកូនញាស់ជាបន្តបន្ទាប់ច្រើនទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខ។

គួរបញ្ជាក់ថា អណ្តើកសង្កល់ ជាប្រភេទជិតផុតពូជ/កំពុងរងគ្រោះថ្នាក់ខ្លាំង នៅប្រទេសកម្ពុជា ពួកវាងាយរងគ្រោះខ្លាំងដោយសារការជួញដូរសត្វព្រៃខុសច្បាប់ ជាពិសេសសម្រាប់ធ្វើជាអាហាររបស់មនុស្ស ឱសថបុរាណ និងការប្រើប្រាស់ពួកវាដើម្បីធ្វើបុណ្យកុសលតាមរយៈការទិញសត្វលែង “ទិញសត្វលែង” ជាការបដិបត្តិបែបប្រពៃណីតាមទ្រឹស្ដីដែលបង្ហាញពីសេចក្ដីអាណិតអាសូរចំពោះសត្វ ប៉ុន្តែជារឿយៗត្រូវបញ្ចប់ជាមួយនឹងការរងទុក្ខវេទនារបស់សត្វព្រៃដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងការបដិបត្តិទាំងនេះ។

ដើម្បីគាំទ្រដល់ការលែងកូនអណ្តើកដែលបានបង្កាត់ពូជនៅក្នុងមជ្ឈមណ្ឌល ទៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញ ACCB បានរក្សាទុកចំនួនប្រជាសាស្រ្តសត្វអណ្តើកសង្កល់ដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល គឺជាប្រភេទដែលចំនួនប្រជាសាស្ត្រមានការថយចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។

សម្រាប់ការបង្កាត់ពូជអណ្តើកប្រភេទនេះដោយជោគជ័យនៅ ACCB គឺមានសារៈសំខាន់សម្រាប់និរន្តរភាពនៃចំនួនប្រជាសាស្រ្តដែលត្រូវបានធានាការថែទាំនៅក្នុងមជ្ឈមណ្ឌល ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner