១០ថ្ងៃទៀតជិះយន្តហោះ Air Asia ទៅសៀមរាប និងព្រះសីហនុ តម្លៃតែ៤០ដុល្លារ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ខែឧសភាតទៅ ពោលគឺប្រមាណ១០ថ្ងៃទៀតប៉ុណ្ណោះ ប្រជាជនខ្មែរអាចជិះយន្តហោះ Air Asia របស់កម្ពុជា ទៅមករវាងរាជធានីភ្នំពេញ ខេត្តសៀមរាប និងរវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងតម្លៃ ១៦ម៉ឺនរៀលឬប្រហែល៤០ដុល្លារអាមេរិកក្នុងមួយជើង។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន តម្លៃ ៤០ដុល្លារនេះគឺជាការផ្តល់ជូនពិសេស ពីតម្លៃធម្មតា ៥០ដុល្លារ សម្រាប់ការកក់សំបុត្រពីថ្ងៃទី ២២ដល់ថ្ងៃទី២៨ខែមេសានេះ។ ក្រុមហ៊ុន Air Asia នឹងប្រើយន្តហោះ ប្រភេទ Airbus A320 ដែលទើបដឹកមកដល់អាកាសយានដ្ឋានភ្នំពេញ កាលពីចុងសប្តាហ៍។ ដោយរំលេច រូបប្រាសាទអង្គរវត្តផង យន្តហោះនេះអាចដឹកអ្នកដំណើរពី១៨០នាក់ទៅជាង២០០នាក់។

លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសាទរដែលកម្ពុជាមានសេវាកម្មហោះហើរក្នុងស្រុកមានតម្លៃសមរម្យ ហើយថានេះជាសញ្ញាល្អ។
លោកថា «តម្លៃហោះហើរពីភ្នំពេញទៅសៀមរាប ស្មើជិះពីប្រទេសមួយទៅប្រទេសមួយនៅក្នុងតំបន់អឺរ៉ុប ដូច្នេះការមានវត្តមាន AirAsia Cambodia តម្លៃក្រោម ៥០ដុល្លារ វាជាសញ្ញាវិជ្ជមានដ៏ធំសម្រាប់កម្ពុជា ក្នុងការពង្រីកវិស័យសេវាកម្មអាកាសចរណ៍»។

ទោះយ៉ាងណា លោក ស៊ីណាន មិនដឹងថា តម្លៃ៥០ដុល្លារក្នុងមួយជើងនេះ តើក្រុមហ៊ុនអាចទ្រទ្រង់បានយូរប៉ុណ្ណា។ លោកបារម្ភថា តម្លៃអាចនឹងកើនខ្ពស់វិញនាពេលខាងមុខ។
តំណាងក្រុមហ៊ុន Air Asia បដិសេធមិននិយាយពីតម្លៃហោះហើរនៅពេលទូរទស្សន៍អប្សរាទាក់ទងសុំការបំភ្លឺ។ ប៉ុន្តែ លោក Vissoth Nam នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នាពេលកន្លងទៅថា AirAsia Cambodia មានចក្ខុវិស័យ ក្នុងការផ្លាស់ប្តូររបៀបដែ លប្រជាជនធ្វើដំណើរក្នុងប្រទេសកម្ពុជា និងធ្វើឱ្យការធ្វើដំណើរតាម ផ្លូវអាកាស ក្លាយជាផ្នែកដ៏សំខាន់មួយ នៃបណ្តាញដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia កើតចេញពីការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន AirAsia របស់ម៉ាឡេស៊ី ដែលកាន់កាប់ភាគហ៊ុនចំនួន៥១ភាគរយនិងក្រុមហ៊ុនកម្ពុជា Sivilai Asia កាន់កាប់ភាគហ៊ុនចំនួន ៤៩%។

ក្រុមហ៊ុននេះនឹងប្រជែងជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលផ្តល់សេវាហោះហើរក្នុងស្រុកផង និងក្រៅស្រុកផង។ លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ និង ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល លើកឡើងដូចគ្នាថា ការប្រកួតប្រជែងនេះនឹងផ្តល់តម្លៃកាន់តែសមរម្យសម្រាប់អ្នកធ្វើដំណើរ។

ចំណែក លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា មើលឃើញថា កន្លងមកការហោះហើរក្នុងស្រុកសំបុត្រយន្តហោះមានតម្លៃខ្ពស់កប់ពពក បើធៀបនឹងបណ្តាប្រទេសនៅជុំវិញពិភពលោក។

អ្វីដែលលោក ធួន ស៊ីណាន បារម្ភគឺការដំឡើងតម្លៃគុណនឹង១០ នៅពេលខាងមុខ ប្រសិនបើការវិនិយោគតម្លៃសំបុត្រក្រោម ១០០ដុល្លារ ខាតរបស់ក្រុមហ៊ុន។ ទោះយ៉ាងណា លោកជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរក្នុងស្រុក ទៅកាន់ខេត្តផ្សេងៗទៀត ដូចជា ខេត្តបាត់ដំបង រតនគិរី មណ្ឌលគិរី ឱ្យបានទូលំទូលាយថែមទៀត៕
ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner