រថភ្លើងល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ,ភ្នំពេញ-ប៉ោយប៉ែត បើកដំណើរការខែមិថុនា

ភ្នំពេញ៖ ពីរខែទៀតប៉ុណ្ណោះ កម្ពុជានឹងបើកដំណើរការរថភ្លើងដឹកអ្នកដំណើរពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅដល់ព្រំប្រទល់ខ្មែរថៃ នាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថភ្លើងនេះនឹងបើកបរក្នុងល្បឿន ចន្លោះពី៩០ ទៅ ១១០គីឡូម៉ែត្រក្នុងមួយម៉ោងអាស្រ័យតាមស្ថានភាពផ្លូវ។ នេះអាចចាត់ទុកថាមានល្បឿនលឿនគួរសម ខណៈរថភ្លើងពេលបច្ចុប្បន្នអាចរត់បានជាមធ្យមតែ៥០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង។

លោក ចន កឺរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានផ្តល់បទសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍អប្សរាថា ក្រុមហ៊ុននឹងប្រើរថភ្លើងដែលទើបទិញពីប្រទេសជប៉ុនដែលមានសរុប១១ទូ ឬស្មើនឹង៥រថភ្លើងសម្រាប់ដឹកអ្នក ដំណើរសរុប៧០០នាក់លើផ្លូវទាំងពីរខ្សែ។ លោកថា រថភ្លើងនេះមានបំពាក់ម៉ាស៊ីនត្រជាក់គ្រប់កន្លែង និង មានកៅអីពិសេស ឬ first class ផងដែរ ដែលមានតម្លៃពី ២៤ ០០០ រៀល ទៅ ៤០ ០០០រៀល ក្នុងមួយកៅអីដូចរថភ្លើងធម្មតាដែរ។

នៅជំហ៊ានដំបូង រថភ្លើងនឹងដំណើរការតែអំឡុងពេលថ្ងៃ តែនាយកប្រតិបត្តិរូបនេះប្រាប់អប្សរាទៀតថា លោកគ្រោងបើកដំណើរការរថភ្លើងពេលយប់ដែលមានគ្រែគេងទៀតផងនាពេលឆាប់ៗ។

រថភ្លើងចំនួន១១ទូ ប្រភេទ KiHA 183 DMU ដែលក្រុមហ៊ុន Royal Railway Cambodia របស់លោកសេដ្ឋី គិត ម៉េង ទិញពីប្រទេសជប៉ុននឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នៅចំពោះមុខការរិះគន់ថា ក្រុមហ៊ុននេះទិញរថភ្លើងចាស់ៗដែលផលិតតាំងពីឆ្នាំ ១៩៧៩ ហើយដែលជប៉ុនឈប់ប្រើទៅហើយ លោក ចន កឺរី បានអះអាងប្រាប់ទូរទស្សន៍អប្សរាថា រថភ្លើងទាំងនេះមិនមែនត្រូវជប៉ុនបោះបង់ចោលទេ តែជប៉ុនកំពុងប្រើសម្រាប់ដឹកអ្នកដំណើររាល់ថ្ងៃ។

លោកថា វាជារថភ្លើងជំនាន់ទី១របស់ជប៉ុនដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើងឡើយ។ លោកបញ្ជាក់ទៀតថា រថភ្លើងនេះមានគុណភាពល្អ ដោយមិនត្រូវការជួសជុល ហើយថានេះជាការចំណាយមានប្រសិទ្ធិភាព ដែលប្រទេសផ្សេងៗទៀតក៏ធ្វើដូចគ្នានេះដែរ។

ក្រៅពីរថភ្លើងមួយទឹកនេះ លោក ចន កឺរី ប្រាប់ថា ក្រុមហ៊ុនក៏បានបញ្ជាទិញក្បាល និងទូរថភ្លើង ជាង២២០គ្រឿងផ្សេងទៀតដែលជាផ្នែកមួយនៃគម្រោងវិនិយោគធំដើម្បីបម្រើវិស័យនេះ។ ប៉ុន្តែ លោកមិនអាចបញ្ជាក់បានទេពីការចំណាយ។

កម្ពុជាមានផ្លូវដែកចំនួនពីរខ្សែ គឺខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។ ផ្លូវដែកភាគខាងជើងពីភ្នំពេញ ទៅដល់ប៉ោយប៉ែត ត្រូវបានសាងសង់ក្នុងសម័យអាណានិគមបារាំង និង ផ្លូវ ដែកភាគខាងត្បូង ត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយម។ ផ្លូវដែកទាំងពីរខ្សែនេះធ្លាប់ជាធាតុផ្សំដ៏សំខាន់នៃជីវិតនិងសេដ្ឋកិច្ចរបស់កម្ពុជានាមុនឆ្នាំ ១៩៧០ មុននឹងត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

គិតចាប់ពីឆ្នាំ២០១០ អ្នកឧកញ៉ា គិត ម៉េង បានបណ្តាក់ទុនជាង ១០០លានដុល្លារ អភិវឌ្ឍផ្លូវដែកទាំងពីរនេះ។ ទោះយ៉ាងនេះក្តី លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងថាការអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជានៅយឺតយ៉ាវនៅឡើយ។ លោកថា អាចត្រូវការពេលពី៥ទៅ១០ឆ្នាំទៀតទើបកម្ពុជាអាចទាញសក្តានុពលដឹកជញ្ជូនលើផ្លូវដែកបានពេញលេញ។

យោងតាមផែនការមេឡូជីកសី្ទក ២០២៣-២០៣៣ កម្ពុជាគ្រោងអភិវឌ្ឍន៍ផ្លូវដែក ចំនួនប្រាំបីគម្រោង ក្នុងទឹកប្រាក់វិនិយោគសរុបប្រមាណ ១០ពាន់លានដុលា្លរអាមេរិក៕
 ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner