បណ្ដាមេដឹកនាំគណបក្ស៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី នៅកម្ពុជាពិតជាមានសារៈសំខាន់

ភ្នំពេញ៖ មេដឹកនាំគណបក្សនយោបាយមួយចំនួន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី (WANG Yi) ) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជាមានសារៈសំខាន់ និងបង្ហាញឱ្យឃើញពីទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច។

បណ្ឌិត ហ៊ាង គឹមស្រឿង ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី (WANG Yi) ប្រមុខការទូតចិនមកកម្ពុជាបង្ហាញឱ្យឃើញពីទំនាក់ទំនងចំណងមិត្តភាពកម្ពុជា-ចិន ទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច។ បើនិយាយពីប្រវត្តិសាស្ត្រការទូតកម្ពុជា គឺមានតាំងពីសម័យកាលប្រវត្តិសាស្ត្រ ជឺ តាក្វាន់ ម៉្លេះ។ តែអ្វីសំខាន់ទៅទៀតនោះ គឺកម្ពុជាមានជំហរនយោបាយអព្យាក្រឹត្យ រក្សាចំណងមិត្តភាពជាមួយប្រទេសនានា ឈរលើ ផលប្រយោជន៍រវាងគ្នានិងគ្នា។ មិនលំអៀង មិនដូចក្រុមអគតិមួយចំនួនលាបពណ៌,បំភ្លៃព័ត៌មានក្នុងន័យនយោបាយជាន់ពន្លិចកម្ពុជាក្នុងចេតនាកេងចំណេញនយោបាយក្រោមមហិច្ឆតា ដើម្បីគោលដៅអំណាចរបស់ខ្លួន។ មាគ៌ាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍សន្តិភាព បង្រួបបង្រួមជាតិ ឯកភាពទឹកដី ជូនជាតិនិងប្រជាជនកម្ពុជាជា ប្រវត្តិសាស្ត្រមិនធ្លាប់មាន។

រីឯលោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា មានសារៈសំខាន់ខ្លាំង។ ជាពិសេសទំនាក់ទំនងការ ទូតរវាងប្រទេស ទាំងពីរកម្ពុជា-ចិន ការអភិវឌ្ឍរបស់ប្រទេស កម្ពុជា និងបង្ហាញឱ្យឃើញពីមិត្តភាពដែកថែប ដែលមានទំនាក់ទំនងតាំងពីយូរលង់មកហើយតាំងពីសម័យព្រះបរមរតនកោដ្ឋ រហូតមកដល់បច្ចុប្បន្ននេះ។ ថ្នាក់ដឹកនាំកម្ពុជា និងចិន មានទំនាក់ទំនង ជាគ្នាជាដរាប។

ចំណែកឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី នៅកម្ពុជា គឺមានសារៈសំខាន់ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ពីព្រោះទំនាក់ទំនងរវាងប្រទេសទាំងពីរមានតាំងពីយូរមកហើយ។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ៕
ដោយ៖ពលជ័យ

ads banner