ព្រះមហាក្សត្រកម្ពុជា ប្រទានព្រះរាជសវនាការជូនប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជសវនាការជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ ណាលី ស៊ីសុលីត (Naly SISOULITH) ស្ត្រីទី១ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ។

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមប្រធានរដ្ឋឡាវ នឹងជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។

ឯកឧត្តមប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និងសាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃ ប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងព្រះបរមរាជវាំង

ads banner