១ថ្ងៃ! រីងទឹកបឹង ១លានលីត្រ នៅមិចស៊ីក

ម៉ិកស៊ីកូ៖ ជារៀងរាល់ថ្ងៃ ទឹកបឹង ប៉ាត សឺ ខ្យួរ អារ៉ូ (Patzcuaro) របស់ប្រទេសម៉ិកស៊ិក ចន្លោះពី៦០ម៉ឺន ទៅ១លានលីត្រ បានរីងអស់ ដោយសារតែគ្រោះរាំងស្ងួត នេះបើតាមអាជ្ញាធរ។

បើយោងតាមឆ្មាំស៊ីវិល ក្នុងតំបន់ បានឱ្យដឹង កាលពីថ្ងៃចន្ទថា បឹងមួយនេះស្ថិតនៅភាគខាងលិចនៃរដ្ឋ មីឆៅខេន (Michoacan)។ បឹងនេះត្រូវគេប្រើប្រាស់ ជាសំខាន់ លើការស្រោចស្រពផ្លែបឺរ និងការនេសាទរបស់អ្នកស្រុក។ កាលពីពេលមានទឹកពេញល្អ បឹងនេះក៏បម្រើដល់វិស័យទេសចរណ៍ និងការដឹកជញ្ជូនក្នុងស្រុក ដ៏សំខាន់ផងដែរ។

ជាការឆ្លើយតប កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឆ្មាំស៊ីវិល និងប៉ូលីសក្នុងតំបន់ ត្រូវបានធ្វើឡើង ជាពិសេស នៅក្នុងសហគមន៍ អូផុង គីអូ (Oponguio) ជាកន្លែងដែលរីងខ្លាំងបំផុត។ ក្នុងនោះ ប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់ការបូមយកទឹកចេញពីបឹង ដែលនាំឲ្យស្ថានភាព កាន់តែធ្ងន់ធ្ងរ។

បើតាម CNN អ្នកជំនាញបានប្រាប់ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់ជុំវិញ ក៏ជាមូលហេតុដ៏សំខាន់ ប៉ះពាល់ដល់កម្រិតទឹកបឹង ប៉ាត សឺ ខ្យួរ អារ៉ូ (Patzcuaro) នេះ ផងដែរ ក្រៅពីគ្រោះរាំងស្ងួតនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner