ម៉ាឡេស៊ីគ្រោងបង្កើតសួនឧស្សាហកម្មរចនាបន្ទះឈីបដ៏ធំលើពិភពលោក

គូឡាឡាំពួរ៖ មេដឹកនាំម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសពីគម្រោងសាងសង់សួនឧស្សាហកម្មរចនាបន្ទះឈីបដ៏ធំមួយ ក្នុងគោលបំណងជំរុញតួនាទីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងឧស្សាហកម្មបន្ទះឈីបពិភពលោក។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ឥឡូវនេះ ម៉ាឡេស៊ីចង់ដើរទៅហួសពីការផលិតបន្ទះឈីប ក្លាយជាប្រទេសរចនាបន្ទះឈីបផងដែរ។ លោក អាន់វ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំរីករាយក្នុងការប្រកាសពីគម្រោងបង្កើតសួនឧស្សាហកម្មរចនាបន្ទះឈីបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ស្ថិតក្រោមកិច្ចសហការពីក្រុមហ៊ុនដៃគូលំដាប់ពិភពលោក។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះបន្ថែមថា សួនឧស្សាហកម្មនេះ នឹងមានទីតាំងនៅរដ្ឋ Selangor ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីការចំណាយ និងពេលវេលាកំណត់នោះទេ។ គម្រោងដ៏ធំនេះ នឹងក្លាយជាការបោះជំហានដ៏សំខាន់មួយសម្រាប់ម៉ាឡេស៊ី ដែលជាមជ្ឈមណ្ឌលផលិតបន្ទះឈីបតាំងពីយូរយារណាស់មកហើយ ជាមួយនឹងកោះ Penang ភាគខាងជើងរបស់ខ្លួន ដែលជាទីកន្លែងសម្រាប់គ្រឿងបរិក្ខារជាច្រើន។

គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បានជំរុញឱ្យមានសន្ទុះផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសគ្រឿងអេឡិចត្រូនិក និងបន្ទះឈីប ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបានបង្ខំឱ្យក្រុមហ៊ុនជាច្រើនស្វែងរកការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេពីចិន ទៅកាន់ប្រទេសផ្សេងទៀត រួមទាំងម៉ាឡេស៊ី វៀតណាម និងឥណ្ឌា៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner