មនុស្ស ១០នាក់ស្លាប់ ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្រយោធាបុកគ្នានៅម៉ាឡេស៊ី

គូឡាឡាំពួ៖ ទីភ្នាក់ងារជួយសង្គ្រោះម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ និយាយថា ឧទ្ធម្ភាគចក្រយោធាចំនួនពីរគ្រឿង បានជួបគ្រោះថ្នាក់បុកគ្នាហើយធ្លាក់ អំឡុងពេលធ្វើការហោះហើរហាត់សមមួយ នាំឱ្យមនុស្សជិះនៅលើនោះចំនួន ១០នាក់បានស្លាប់។

ទីភ្នាក់ងារជួយសង្គ្រោះបានរាយការណ៍ថា ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងដែលបានជួបគ្រោះថ្នាក់ ក្នុងនោះមួយគ្រឿងប្រភេទ Eurocopter AS555SN Fennec និងមួយគ្រឿងទៀតប្រភេទ AgustaWestland AW139។ អំឡុងពេលកើតហេតុ ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងបានហោះប៉ះគ្នា ជាហេតុនាំឱ្យពួកវាបាត់បង់លំនឹង រួចធ្លាក់ទៅលើដី។ ក្រោយពេលកើតហេតុ ជនរងគ្រោះជិះនៅលើនោះចំនួន១០នាក់បានស្លាប់ទាំងអស់។

ឃ្លីបវីដេអូដែលគេចែកចាយនៅលើប្រព័ន្ធអនឡាញ បានបង្ហាញឱ្យឃើញឧទ្ធម្ភាគចក្រយោធាប៉ុន្មានគ្រឿងហោះហើរនៅកម្ពស់ទាប ក្នុងលក្ខណៈជាក្បួន លើមូលដ្ឋានទ័ពជើងទឹក Lumut មានទីតាំងនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រពីរដ្ឋធានីគូឡាឡាំពួរ។ ការហោះហើរនេះគឺជាសកម្មភាពហាត់សម មុនព្រឹត្តិការណ៍អបអរសាទរមួយរបស់យោធាជើងទឹកម៉ាឡេស៊ី ដែលត្រូវប្រារព្ធឡើងនាខែឧសភាខាងមុខ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ដោយនិយាយថា ប្រទេសជាតិនឹងចងចាំទុក្ខសោកនាដកម្មដ៏ក្រៀមក្រំ និងសោកសៅបំផុតនេះ។ លោក អ៊ីប្រាហ៊ីម បន្ថែមថា ការស៊ើបអង្កេតភ្លាមៗមួយត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិ ដើម្បីស្វែងរកមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ។

ជាមួយគ្នានេះ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ ស៊ុលតង់ អ៊ីប្រាហ៊ីម ក៏បានចូលរួមរំលែកទុក្ខផងដែរ។ ព្រះចៅ ស៊ុលតង់ បានមានព្រះបន្ធូលតាមរយៈបណ្ដាញសង្គមថា ព្រះមហាក្សត្រី ហ្សារិទ្ធិ និងទ្រង់មានអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការបាត់បង់វីរបុរសជាតិក្នុងសោកនាដកម្មនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner