អូស្ត្រាលីចាត់ទុកលោក Elon Musk ជាមហាសេដ្ឋីដ៏ក្រអឺតក្រទម

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា លោក Elon Musk គឺជា «មហាសេដ្ឋីដ៏ក្រអឺតក្រទម» និង មិនបើកភ្នែកដែលបណ្តោយឲ្យវីដេអូកាប់សម្លាប់មនុស្ស ចែកចាយ ពេញបណ្តាញសង្គម X។

ថ្មីៗនេះ បុព្វជិតម្នាក់ត្រូវបានជនសង្ស័យ អាយុ១៦ ឆ្នាំសម្លាប់ ក្នុងពេលទេសនា ដែលមានការផ្សាយផ្ទាល់ ក្នុងទីក្រុងស៊ីដនី។ កាលពីថ្ងៃចន្ទ ស្ថាប័នឃ្លាំមើលអ៊ីនធឺណិតរបស់អូស្រា្តលី ហៅកាត់ eSafety បានសម្រេចរក្សាដីកា បង្ខំឱ្យ X លុបវីដេអូ នេះចេញ។ ប៉ុន្តែ លោកមហាសេដ្ឋី Elon Musk ឆ្លើយតបថា អូស្ត្រាលីកំពុងទាមទារគ្រប់គ្រងអ៊ីនធឺណិតទាំងមូល ក្នុងប្រទេសរបស់ខ្លួន ដែលនេះគឺជាក្តីបារម្ភ។ លោកអះអាង ក្រុមហ៊ុន X របស់លោក នឹងប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចនេះ។ យ៉ាងណាមិញ X បានលុបវីដេអូនេះ ក្នុងប្រទេសអូស្ត្រាលី តែ នៅតែអាចមើលឃើញ នៅតំបន់ផ្សេងៗ ជុំវិញពិភពលោក។

នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអះអាងថា វីដេអូវាយប្រហារបង្ហូរឈាម ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ត្រូវបានអាជ្ញាធរអូស្ត្រាលីចាត់ទុកថា ជាការផ្តល់នូវភាពតានតឹង ក្នុងសហគមន៍។ អ្វីដែលគួរឲ្យកត់សម្គាល់ ហេតុការណ៍កាប់សម្លាប់នេះ បានបង្កឲ្យមានកុប្បកម្ម នៅតាមព្រះវិហារនានា ក្នុងប្រទេសអូស្ត្រាលី។

សំណុំរឿងរវាង X និង eSafety របស់អូស្ត្រាលីនេះ គ្រោងនឹងត្រូវបញ្ជូនត្រឡប់ ទៅតុលាការវិញ នៅចុងសប្តាហ៍នេះ។ កាលពីឆ្នាំមុន eSafety ធ្លាប់ប្តឹង X ទាមសំណងជាង៦០ម៉ឺនដុល្លារ ដោយសារតែ X មិនបានដោះស្រាយ រឿងបំពានកុមារ លើអ៊ីនធឺណិត ប៉ុន្តែ X ក៏បានចាប់ផ្តើមដំណើរការ តាមផ្លូវតុលាការ ដើម្បីតទល់វិញ នេះបើតាម The Guardian៕

ប្រភពពី AFP និង The Guardian

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner