២៣ប្រទេសផ្ទុះជំងឺអាសន្នរោគ ខណៈខ្វះវ៉ាក់សាំង

សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នអន្តរជាតិបានបង្ហាញថា បច្ចុប្បន្ននេះ មានប្រទេសចំនួន២៣ កំពុងផ្ទុះជំងឺអាន្នរោគ ខណៈដែលវ៉ាក់សាំងបង្ការជំងឺនេះ កំពុងខ្វះខាត។

សម្ព័ន្ធវ៉ាក់សាំង ហៅកាត់ Gavi និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ UNICEF ឲ្យដឹងថា ក្នុងចំណោមជាង ២០ប្រទេសនេះ ប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺកូម៉ូរ៉ូ កុងហ្គោ អេត្យូពី ម៉ូសំប៊ិក សូម៉ាលី ហ្សាំប៊ី និងហ្ស៊ីមបាវ៉េ។

ប្រភពដដែលបន្តថា បើទោះបីជាការផ្គត់ផ្គង់វ៉ាក់សាំងជាសកល បានកើនឡើងដល់ ១៨ដង ក្នុងចន្លោះឆ្នាំ ២០១៣ និង ២០២៣ ក៏ដោយ តម្រូវការក៏កើនឡើងដែរ ដែលបង្កឱ្យមានការខ្វះខាតវ៉ាក់សាំង ជាសកល។ ការណ៍នេះ បានជំរុញឲ្យពិភពលោក ត្រូវផលិតបរិមាណវ៉ាក់សាំងកាន់តែច្រើន លឿនជាងមុន និងក្នុងតម្លៃទាប ក្នុងនោះ គ្រោងនឹងបង្កើនស្តុកសកល ពី៣៨លានដូស ក្នុងឆ្នាំ២០២៣ ដល់ប្រហែល ៥០លាន ដូស នៅឆ្នាំ២០២៤នេះ។

កាលពីសប្តាហ៍មុន WHO បានអនុម័តវ៉ាក់សាំងអាសន្នរោគ Euvicol-S ដែលគេជឿថា សាមញ្ញ ងាយស្រួលផលិតបានច្រើន និងលឿនជាងមុន។

របាយការណ៍បង្ហាញថា កាលពីឆ្នាំ២០២២ អង្គការសុខភាពពិភពលោករកឃើញ ករណីជំងឺអាសន្នរោគ ជាង៤៧ម៉ឺននាក់ កើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០២១។ ជំងឺអាសន្នរោគ គឺជាជំងឺដែលឆ្លងតាមរយៈការទទួលទានអាហារ និងទឹក មានបាក់តេរី Vibrio ដែល ជារឿយៗ ចេញមកពីលាមក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner