Honda នឹងសង់រោងចក្រផលិតឡានអគ្គិសនី នៅកាណាដា

បរទេស៖ ប្រភពពីរដ្ឋាភិបាលប្រទេសកាណាដាបានឲ្យដឹងថ្មីៗនេះថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda នឹងចំណាយទុនរាប់ពាន់លានដុល្លារ សាងសង់រោងចក្រផលិតរថយន្តអគ្គិសនី នៅតំបន់ភាគខាងកើត ប្រទេសកាណាដា។

យោងតាមប្រភព ដែលបាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រោងចក្រនេះគ្រោងនឹងសាងសង់ ក្នុងខេត្ត អុនតារីយ៉ូ (Ontario) ហើយទាំង រដ្ឋាភិបាលសហព័ន្ធ ក៏ដូចជា ខេត្ត អុនតារីយ៉ូ (Ontario)នឹងផ្តល់ការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុមួយចំនួន សម្រាប់កិច្ចព្រមព្រៀងនេះ។

រោងចក្រ Honda ក៏នឹងផលិតអាគុយរថយន្តអគ្គិសនីផងដែរ ដោយចូលរួមជាមួយរោងចក្រ របស់ក្រុមហ៊ុនបរទេសពីរផ្សេងទៀត ដែលមានស្រាប់។ កាលពីខែមករា កាសែតជប៉ុន នីឃេ(Nikkei) បានប៉ាន់ប្រមាណថា រោងចក្រនេះគ្រោងចំណាយទុនវិនិយោគ ជាង១០ពាន់លានដុល្លារអាមេរិក។ យ៉ាងណាក៏ដោយ ប្រភពមិនបានបញ្ជាក់លម្អិតថា នឹងត្រូវសាងសង់ ក្នុងពេលណាជាក់លាក់ នៅឡើយទេ។

ប្រទេសកាណាដា ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ បាននិងកំពុងដាក់ខ្លួន ជាទិសដៅដ៏ទាក់ទាញមួយ សម្រាប់ការវិនិយោគលើរថយន្តអគ្គិសនី ជាមួយនឹងការលើកទឹកចិត្តពន្ធ ជាដើម។ រីឯ ក្រុមហ៊ុន Honda បានដាក់គោលដៅថា ខ្លួននឹងលក់តែរថយន្ត ដែលគ្មានការបំភាយឧស្ម័នពុល ឬ ហ្សេរ៉ូ អេមីសិន វី ហ៊ី ខល (Zero-Emission Vehicles) នៅត្រឹមឆ្នាំ២០៤០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner