ទ្វីបអាស៊ីរងគ្រោះធ្ងន់ធ្ងរពីមហន្តរាយអាកាសធាតុក្នុងឆ្នាំ ២០២៣

ហ្ស៊ឺណែវ៖ អង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះបានឱ្យដឹងថា ទ្វីបអាស៊ីគឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយសារគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុកាលពីឆ្នាំ២០២៣ ក្នុងនោះទឹកជំនន់ និងខ្យល់ព្យុះ ជាមូលហេតុចម្បងនៃការស្លាប់ និងការខាតបង់សេដ្ឋកិច្ច។

សីតុណ្ហភាពពិភពលោកបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ ២០២៣ ដោយទីភ្នាក់ងារឧតុនិយម និងអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយថា ទ្វីបអាស៊ីកំពុងឡើងកំដៅក្នុងល្បឿនយ៉ាងលឿនគួរឱ្យកត់សម្គាល់។ អង្គការឧតុនិយមពិភពលោក ហៅកាត់ថា WMO បានបញ្ជាក់ថា ឥទ្ធិពលនៃរលកកំដៅនៅទ្វីបអាស៊ីកាន់តែអាក្រក់ខ្លាំង ហើយការរលាយផ្ទាំងទឹកកកបានគំរាមកំហែងដល់សន្តិសុខទឹកនាពេលអនាគតក្នុងតំបន់នេះ។

អង្គការ WMO បន្តថា ទ្វីបអាស៊ីកំពុងឡើងកំដៅលឿនជាងមធ្យមភាគសកល ដោយសីតុណ្ហភាពកាលពីឆ្នាំ ២០២៣ ហក់ឡើងជិតពីរអង្សាសេ លើសពីមធ្យមភាគនៅចន្លោះឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៩០។ ប្រធាន WMO លោកស្រី Celeste Saulo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសជាច្រើននៅទ្វីបអាស៊ី បានជួបប្រទះឆ្នាំក្តៅបំផុតរបស់ពួកគេក្នុងកំណត់ត្រាកាលពីឆ្នាំ ២០២៣ បូករួមនឹងគ្រោះរាំងស្ងួត និងរលកកំដៅ រហូតដល់ទឹកជំនន់ និងខ្យល់ព្យុះ។

ការប្រែប្រួលអាកាសធាតុ ជាដើមហេតុធ្វើឱ្យកើតមានគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់ និងមានភាពធ្ងន់ធ្ងរ ប៉ះពាល់យ៉ាងខ្លាំងដល់សង្គម និងសេដ្ឋកិច្ច ជាពិសេសជីវិតមនុស្ស និងបរិស្ថានដែលរស់នៅលើផែនដី។ របាយការណ៍ស្ថានភាពអាកាសធាតុនៅទ្វីបអាស៊ីឆ្នាំ ២០២៣ បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ បានបង្កឱ្យកើតមានការកើនឡើងសីតុណ្ហភាព ការរលាយផ្ទាំងទឹកកក និងការកើនឡើងកម្រិតទឹកសមុទ្រ ហើយថា បញ្ហាទាំងនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner