ការលក់ឡានអគ្គិសនីរំពឹងកើនដល់ ១៧លានគ្រឿងក្នុងឆ្នាំ២០២៤

ប៉ារីស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការលក់រថយន្តអគ្គិសនីកំពុងកើនឡើងយ៉ាងគំហុក ហើយរំពឹងថា នឹងបំបែកកំណត់ត្រាថ្មីមួយផ្សេងទៀតនៅឆ្នាំ ២០២៤នេះ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីវិស័យរថយន្តអគ្គិសនី ទីភ្នាក់ងារ IEA បានបញ្ជាក់ថា ប្រទេសចិននៅតែជាទីផ្សារឈានមុខគេរបស់ពិភពលោក សម្រាប់ការលក់រថយន្តអគ្គិសនី ដោយរថយន្តថ្មីចំនួន ១០លានគ្រឿងត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅលើដងផ្លូវនៅឆ្នាំ២០២៤។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះ បានឱ្យដឹងថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ការលក់រថយន្តអគ្គិសនីបានកើនឡើងជាសកល ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ទន្ទឹមគ្នា ទីផ្សាររថយន្ត ជជុះ ឬមួយទឹកក៏ មាន ការ រីក ចម្រើន យ៉ាង ឆាប់ រហ័ស ផង ដែរ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ ការលក់រថយន្តអគ្គិសនី ត្រូវបានគេរំពឹងថា នឹងមានចំនួន ៤៥ភាគរយនៃរថយន្តទាំងអស់ដែលបានលក់នៅក្នុងប្រទេសចិន, ២៥ភាគរយនៅអឺរ៉ុប និង ១១ភាគរយនៅក្នុងសហរដ្ឋអាមេរិក។

បើតាមទីភ្នាក់ងារ IEA នៅឆ្នាំ២០៣០ រថយន្តមួយគ្រឿង ក្នុងចំនោមរថយន្ត៣គ្រឿង ដែលបើកបរក្នុងប្រទេសចិន គឺជារថយន្តអគ្គិសនី ហើយមួយគ្រឿងក្នុងចំនោម៥គ្រឿងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ឆ្នាំ២០២៣ បានបង្កើតកំណត់ត្រាថ្មីមួយ ជាមួយនឹងការលក់រថយន្តអគ្គិសនីចំនួន ១៤លានគ្រឿង។ ហើយសម្រាប់ឆ្នាំ២០២៤នេះវិញ ទីភ្នាក់ងារ IEA បានរំពឹងថា កាការលក់រថយន្តអគ្គិសនីនឹងបន្តកើនឡើងដល់កំណត់ត្រាថ្មី ពោលគឺកើន ដល់ ប្រហែល ១៧លាន គ្រឿង នៅ ទូទាំង ពិភពលោក៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner