សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផែនការកំណត់អាទិភាព និង​កិច្ចការសម្របសម្រួលការអនុវត្តកម្មវិធីទឹកស្អាតជនបទនៅខេត្ត​កំពង់ធំ

កំពង់ធំ៖មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានបើកសិក្ខា​សាលា​​ពិគ្រោះ​យោបល់ស្តីពីការកំណត់អាទិភាព និងកិច្ចការ​សម្របសម្រួល​ការអនុវត្តកម្មវិធីទឹកស្អាតជនបទរបស់មន្ទីរ​អភិវឌ្ឍន៍​ជនបទនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត​កំពង់ធំ ។

សិក្ខាសាលាពេញមួយថ្ងៃ កាលពីថ្ងៃទី២៣ ខែមេសាប្រព្រឹត្តទៅ​ក្រោមអធិបតីភាពលោក ទង គឹមតុល នាយករង​រដ្ឋបាល​សាលា​ខេត្ត ,អនុប្រធានក្រុមការងារPWGខេត្តកំពង់ធំ និង​លោកស្រី ង៉ូវ គឹមសែន អនុប្រធាននាយកដ្ឋានតំណាង​លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គងទឹកនិង​អនាម័យជនបទ ។សិក្ខាសាលា​ក៏មានការ​ចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង ស្រុក មន្រ្តីរដ្ឋបាលសាលា​ស្រុកទទួល​បន្ទុក​ការងារសេវាសង្គម និងអង្គការដៃគូអភិវឌ្ឍន៍ផ្នែក សុខភាពអនាម័យ ដែលមានការិយាល័យក្នុងខេត្តមួយចំនួនទៀត។

លោក ធន់ សូរិយា មន្ត្រីជំនាញទឹកស្អាត និងអនាម័យនៃ​អង្គការ​យូនីសេហ្វ(UNICEF)បានលើកឡើងថា រាជរដ្ឋាភិបាល​បាន​ដាក់គោលដៅឆ្នាំ២០៣០ ឱ្យប្រជាជនទទួលបានទឹកស្អាត​ប្រើប្រាស់១០០ភាគរយនៅទូទាំងប្រទេស។

ចំណែកលោកស្រី ង៉ូយ​គឹមសែន  បាននិយាយថា​សិក្ខាសាលា​ពិគ្រោះយោបល់ជាឱកាស​ពិគ្រោះយោបល់ផ្តល់អនុសាសន៍​ផ្តល់​ធាតុចូលនិងផ្តល់ទិន្នន័យមួយចំនួនដែលជាតម្រូវការ​សម្រាប់ប្រើប្រាស់សំដៅពន្លឿនក្នុងការអនុវត្តកម្មវិធីទឹកស្អាតជនបទដែល មានអត្រាកំណើននៅមានកម្រិតនៅឡើយ ។ខេត្តកំពង់ធំគឺជាខេត្តស្ថិតក្នុងគោលដៅរបស់អង្គការយូនីសេហ្វបានផ្តល់ចំណេះដឹង ពិធីសារនិងការរៀបចំផែនការយុទ្ធសាស្ត្រ​ក្នុងការចាត់ចំណាត់ថ្នាក់អាទិភាពការផលិតទឹកស្អាតជនបទក្នុងការរៀបចំផែនការប្រចាំឆ្នាំនិងការកំណត់គោលដៅតំបន់អាទិភាពសម្រាប់ដៃគូអភិវឌ្ឍន៍គម្រោងទឹកស្អាត ។

លោក ទង គឹមតុល នាយករងរដ្ឋបាលសាលាខេត្ត តំណាង​ឱ្យអនុប្រធានក្រុមការងារPWG បានបញ្ជាក់ថា ដើម្បីឆ្លើយ​តបឱ្យ មានប្រសិទ្ធភាពសូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ចូលរួមអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០៣០នាពេលខាងមុខនេះឱ្យទទួល​បានជោគជ័យដូចការរំពឹងទុក៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា

ads banner