អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ០៦អដ្ឋិធាតុបន្ថែមទៀតនឹងត្រូវរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ

(រតនគិរី)៖ គណៈកម្មការរុករក អដ្ឋិធាតុខេត្តរតនគិរី (កម្ពុជា)និងគណៈកម្មការរុករកអដ្ឋិធាតុខេត្តយ៉ាឡាយ (វៀតណាម)បានបើកកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីជូនដំណើរធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចំនួន០៦បន្ថែមទៀត ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តរតនគិរី សម្រាប់រដូវប្រាំងឆ្នាំ២០២៣-២០២៤ ។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត និងជាប្រធានគណៈ
កម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគិរី និងលោកជំទាវ ង្វៀង ធីថាញ់លីច អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តយ៉ាឡាយ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស៊ូ សិរី បានលើកឡើងថា ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តរតនគិរីនេះ គឺអនុវត្តន៍តាម កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តរតនគិរី ជាមួយខេត្តយ៉ាឡាយដែលមានផែនការរុករកអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមកន្លងមកគឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិ ឲ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះការៀបចំជូនដំណើរអដ្ឋិធាតុរបស់កងទ័ពស្ម័ក្រចិត្តវៀតណាមគណកម្មការទាំងពីរត្រូវរៀបចំអោយបានល្អដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសខ្លួនវិញ ដើមី្បបានជួបជុំក្រុមគ្រួសាររបស់ខ្លួន។

សូបញ្ជាក់ថា ការរៀបចំជូនដំណើរអដ្ឋិធាតុកងទ័ពស្ម័ក្រចិត្តនិងជំនាញការវៀតណាមចំនួន០៦ដែលរកឃើញ នៅរដូវប្រាំង២០២៣-២០២៤នេះគណៈកម្មការទាំងពីរបានកំណត់យកថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០២៤ នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី ៕ ដោយ ៖ គតិ យុត្ត

ads banner