គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅទីក្រុងកាស្ស៊ីវ៉ា(Kashiwa) ប្រទេសជប៉ុន អំពីការអភិវឌ្ឍទីក្រុងដើម្បីសង្គមមួយមានអាយុវែង

(ប្រទេសជប៉ុន) ៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍មនុស្សវ័យចំណាស់សកម្មនៃវេទិកាសមាជិកសភាដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) នៅថ្ងៃទី២៤ខែមេសាឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជននិងការអភិវឌ្ឍ (CAPPD) និងជាហិរញ្ញិករបស់ AFPPD បានអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សានៅទីក្រុងកាស្ស៊ីវ៉ា(Kashiwa) ប្រទេសជប៉ុន អំពីការអភិវឌ្ឍទីក្រុងដើម្បីសង្គមមួយមានអាយុវែង។

នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោកជំទាវបានស្វែងយល់អំពីការអនុវត្តគោលនយោបាយមនុស្សចាស់នៅថ្នាក់ក្រោមជាតិនៃប្រទេសជប៉ុន។ តាមរយៈទស្សនកិច្ចសិក្សានេះ នាយកដ្ឋានសុខភាពនិងឱសថនៃទីក្រុងកាស្សីវ៉ា បានជម្រាបគណៈប្រតិភូសភាថា ពលរដ្ឋវ័យចំណាស់នៅទីក្រុងមានការកើនឡើង មានប្រមាណ២៦%នៃប្រជាពលរដ្ឋសរុបរស់នៅទីក្រុងនេះ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់។ រដ្ឋបាលទីក្រុងកាស្ស៊ីវ៉ាបានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងភ្នាក់ងារអភិវឌ្ឍទីក្រុងនិងសកលវិទ្យាល័យតូក្យូ ដើម្បីពិភាក្សា និងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលរបស់ទីក្រុង កាស្ស៊ីវ៉ា តាមរយៈការអនុវត្តគម្រោងទីក្រុងគម្រូ និងជីវិតរស់នៅដែលមានវិបុលភាពសម្រាប់សង្គមមនុស្សវ័យចំណាស់។ គម្រោងនេះបានផ្តល់៖ (១)លើកកម្ពស់ការថែទាំសុខភាពតាមផ្ទះ (២) បង្កើតសេវាព្យាបាលនិងគិលានុបដ្ឋាកថែទាំដើម្បីផ្តល់សេវាថែទាំសុខភាពតាមផ្ទះ (៣)បន្តធ្វើការងារពេញមួយជីវិត (៤) បន្តរៀនពេញមួយជីវិត (៥)ផ្ទះសម្រាប់មនុស្សចាស់ (៦)មធ្យោបាយធ្វើដំណើរ (៧)សេវាកម្មគាំទ្រជីវិតរស់នៅ (៨)លើកកម្ពស់សុខភាពនិងបង្ការ និង(៩)វិធានការនានាដែលចាំបាច់ដើម្បីគាំទ្រមនុស្សវ័យចំណាស់។

តាមរយៈការស្រាវជ្រាវ មនុស្សវ័យចំណាស់ដែលមានជំងឺវង្វេងអាចនឹងមានការកើនឡើងនៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត ចំនួនពលរដ្ឋវ័យចំណាស់អាចនឹងមានការកើនឡើងខុសៗគ្នាទៅតាមតំបន់ នៅតាមទីក្រុងធំៗពលរដ្ឋដែលមានអាយុលើសពី៧៥ឆ្នាំអាចនឹងមានកំណើនច្រើន ខណៈដែលនៅតំបន់ជនបទអាចនឹងមានកំណើនតិចជាង ស្របពេលដែលចំនួនប្រជាជនសរុបធ្លាក់ចុះ។ ដូច្នេះរដ្ឋបាលខេត្តកាស្ស៊ីវ៉ាយល់ថា រដ្ឋបាលថ្នាក់រាជធានី ខេត្ត-ក្រុងត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់និងស្វ័យភាពនិងលទ្ធភាពរបស់ខ្លួន ដើម្បីផ្តល់បង្កលក្ខណៈអំណោយផលដល់មនុស្សចាស់ឱ្យបន្តសកម្មភាពដ៏សកម្មរបស់គាត់បាន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner