សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា ក្នុងការប្រកួតបាល់ទាត់ ដើម្បីសប្បុរសធម៌

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាមរយៈសារលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា សម្ដេចត្រូវបានទទួលនូវការអញ្ជើញឱ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេម ជាប្រធានក្រុម ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង របស់ក្រុមបាល់ទាត់មួយនេះ ។

សម្ដេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះថា ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះ ខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យម និងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។

សម្ដេចតេជោ បានបន្តថា អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ ឧសភា ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សម្ដេចបន្តថា ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការ នៅស្តាតអូឡាំពិក នាល្ងាចថ្ងៃ១ ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំ គឺ 3.4.3 ។

សម្ដេចក៏បានអំពាវនាវសូមចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៍ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវសប្បុរសជន ចូលរួមជួយថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។

សម្ដេចបញ្ជាក់ថា សម្រាប់ខ្ញុំ និងភរិយា នឹងចូលរួមចំនួន ២០០លានរៀល ។

ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំ សូមទាក់ទងទៅលោក សៀង ទៀង ដែលមានលេខទូរសព្វ័ ០១២ ៩៦១៩៧១ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពដ៏ធំ និងអស្ចារ្យដែលគ្រោងធ្វើឡើង នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ មានការចូលរួមពីក្រុមបាល់ទាត់មិនអាជីពល្បីៗ ចំនួន៤ក្រុម ហើយក្នុងនោះ ក៏មានវត្តមានក្រុមកីឡាករបាល់ទាត់បាល់ទះ ដែលប្រមូលផ្ដុំដោយកីឡាករបាល់ទះល្បីៗផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner