មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានពង្រឹងលើការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជន

(ភ្នំពេញ)៖ តាមរយៈសមិទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ គឺពិតជាបានបង្ហាញអោយឃើញពីភាពរីកចម្រើន លើវិស័យសុខាភិបាលនៅ រាជធានីភ្នំពេញគួរឲ្យកត់សំគាល់ ទាំងលើការផ្តល់សេវា ក៏ដូចជាផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ ។ ការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន-ឱសថស្ថានរងមន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាល ជំងឺត្រូវបានត្រួតពិនិត្យជាទៀងទាត់រៀងរាល់ខែ។

នេះបើតាមការបញ្ជាក់ របស់ឯកឧត្ដម អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ នៅសាឱលារាជធានីភ្នមពញ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ១ ការិយាល័យស្រុកប្រតិបត្តិចំនួន ០៧ ដែលមានមន្ទីរពេទ្យបង្អែកកម្រិត CPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន ៤៦ និងប៉ុស្តិ៍សុខភាពចំនួន ៤ទីតាំង មានមន្ត្រី និងបុគ្គលិកសុខាភិបាលចំនួន ១.៥២៩នាក់ (ស្ត្រីចំនួន ៦៦៩រូប)។

មន្ទីរបានទទួលពិនិត្យពិគ្រោះ ជំងឺថ្មីជូនប្រជាពលរដ្ឋចំនួន ៤៦២.០៩៤ ករណី បានផ្តល់សេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកទាំង០៨ ចំនួន ១២.៥៣៦នាក់ បានផ្តល់សេវាថែទាំសុខភាពមាតា ទារក និងកុមារមួយចំនួន បានល្អប្រសើរ។ បានផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និង ថែទាំទារក ដែលបានជួយកាត់បន្ថយអត្រាមរណៈភាពមាតា។ បានផ្តល់គ្រាប់ថ្នាំ ជីវជាតិដែក/អាស៊ីតហ្វូលិកដល់ស្ត្រីមានគភ៌ ផ្តល់ថ្នាំទម្លាក់ព្រូន មេបង់ដាហ្សុល ។ អត្រាគ្របដណ្តប់នៃវ៉ាក់សាំង ៣ដូស បង្ការជំងឺខាន់ស្លាក់ ស្វិតដៃជើង តេតាណូស រលាកសួត (DPT-HepB-Hib 3) ផ្តល់ការពិគ្រោះជំងឺករណីថ្មីលើកុមារអាយុក្រោម ៥ឆ្នាំ អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ បានព្យាបាល អ្នកជំងឺរបេងឱ្យជាសះស្បើយ ប្រមាណ ៩៥% ។

លោកបានបន្តទៀតថា មន្ទីរសុខាភិបាលបានគ្រប់គ្រង និងសម្រប សម្រួលក្នុងការអនុញ្ញាតបើកថ្មីមន្ទីរពេទ្យឯកជន មណ្ឌលកែសម្ផស្ស មន្ទីរព្យាបាល មាត់ធ្មេញ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ បន្ទប់ ពិគ្រោះព្យាបាលជំងឺទូទៅបន្ទប់ពិគ្រោះជំងឺមាត់-ធ្មេញ បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ បន្ទប់ថែទាំជំងឺ បន្ទប់ពិគ្រោះជំងឺសើរស្បែក បន្ទប់ព្យាបាល បន្ទប់ពិគ្រោះជំងឺផ្លូវចិត្ត បន្ទប់ ពិគ្រោះព្យាបាលជំងឺភ្នែក។ ទន្ទឹម នោះយើងក៏បានបិទសេវាឯកជនមួយចំនួនផងដែរ ដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ណែនាំ ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner