កម្ពុជានាំចេញត្រីងៀតជាផ្លូវការលើកដំបូង ជិត ៥តោន ទៅកាន់ប្រទេសអូស្ត្រាលី

(ភ្នំពេញ)៖ អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា ហៅកាត់ថា (CQS)។ នេះបើតាមការឱ្យដឹងពី លោក ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកមុ្ម រុក្ខាប្រមាញ់ និងនេសាទ ។

លោក ជំទាវ អ៊ឹម រចនា នៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការនេះមានប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ ក្នុងនេះរួមមាន ៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី ។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង ៣ប្រភេទនេះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ។

គួរបញ្ជាក់ថា Home Taste Food គឺជាសហគ្រាសរបស់ខ្មែរដំបូងគេ ដែលបាននាំចេញផលិតផលត្រីកែច្នៃ ទៅកាន់ទីផ្សារបរទេសជាផ្លូវការ។ ដើម្បីអាចនាំចេញបាន សហគ្រាស Home Taste Food ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលពីគម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH-Capture) ដែលសហការអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងអង្គការ UNIDO មានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជាដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិនិងអន្តរជាតិ។

លោកជំទាវ អ៊ឹម រចនាបានបញ្ជាក់ដែរថា”ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីត្រេកអរចំពោះការបោះជំហានដោយជោគជ័យរបស់សហគ្រាស Home Taste Food និយាយដោយឡែក និងវត្តមានផលិតផលត្រីកែច្នៃរបស់ខ្មែរ នៅលើទីផ្សារអន្ដរជាតិ និយាយជារួម។ យើងនឹងបន្តគាំទ្រដល់សហគ្រាស Home Taste Food ដែលមានបំណងពង្រីកការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសញូហ្សែលែន នៅក្នុងបរិមាណជាង ១០០តោនទៀត នាពេលខាងមុខ”។

លោកជំទាវបានលើកឡើងដែរថា៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូពាក់ព័ន្ធ នឹងបន្តធ្វើការជាមួយសហគ្រាសកែច្នៃផលិតផលត្រីនៅកម្ពុជាដទៃទៀត ដើម្បីធានាថាប្រតិបត្តិករជលផល បានអនុវត្តការត្រួតពិនិត្យគុណភាណ និងអនាម័យ ដើម្បីឱ្យផលិតផលជលផលមានស្តង់ដារ សុវត្ថិភាព អនុលោមតាមបទបញ្ញាត្តិជាតិ និងលក្ខខណ្ឌតម្រូវ នៃសុវត្ថិភាពម្ហូបអាហារអន្តរជាតិ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner