សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ ដើម្បីរក្សាឱ្យបានគង់វង្ស នូវការអភិរក្សអត្តសញ្ញាណដើម នៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្ស នូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី សាសនារបស់យើង ប្រកបដោយភាពបត់បែន ស្របតាមការវិវត្តរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹង ការស្រាវជ្រាវ និងចងក្រងឯកសារមូលដ្ឋានសំខាន់ៗឱ្យបានច្បាស់លាស់ សម្រាប់ទុកឱ្យប្រជាជនក្រេបយក ចំណេះដឹងច្រើនជំនាន់រៀងទៅ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងផ្តល់គ្រឿងឥស្សរិយយសរុបចំនួន ២.១៣៣ គ្រឿង ជូនដល់មរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរៈសិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែល បានចូលរួមចំណែក ក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៤ ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិល្បករ សិល្បការិនី គ្រប់ទម្រង់ មានតួនាទីចម្បងក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពី ដូនតាយើង ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។ ស្នាដៃ និង ទេពកោសល្យរបស់សិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជា ទៅកាន់ពិភពលោក ដោយរួមទាំងការ ចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកា តាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក ។ យើងទាំងអស់គ្នាពិតជាទទួលស្គាល់ថា ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការនីខ្មែរកាន់តែមានសារៈសំខាន់ខ្លាំងក្លា ជាពិសេសសិល្បករមួយរូបៗ សុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និង អាចឆក់យកឱកាសទាំងអស់នេះបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តី ស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង ។

សម្តេចធិបតី បានបន្តធ្វើការបញ្ជាក់ទៀតថា ការដាក់បញ្ចូលវិស័យវប្បធម៌ទៅក្នុងសាកលភាវូបនីយកម្ម បានផ្តល់ផលវិជ្ជមាន និងឱកាសដល់កម្ពុជា គឺ ការបង្ហាញ នូវអត្តសញ្ញាណវប្បធម៌ អារ្យធម៌របស់ខ្មែរលើឆាកអន្តរជាតិ តាមរយៈការសម្តែងសិល្បៈ ការដាក់តាំងពិព័រណ៍ការបញ្ចាំងភាពយន្ត ការបង្កើតព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសជាមិត្ត ការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយវប្បធម៌ និង ការពង្រីកឧស្សាហកម្មក្នុងវិស័យវប្បធម៌របស់កម្ពុជាតាមរយៈ ទីផ្សាទេសចរណ៍ និងផ្តល់លទ្ធភាពដល់សិប្បករចម្លាក់ គំនូរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗក្នុងការបង្ហាញនូវ ផលិតផលសម្បូរបែបឱ្យមានវត្តមាននៅលើឆាកអន្តរជាតិ ។

សម្តេចធិបតី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ជាប់ជា ប្រចាំរបស់ថ្នាក់ ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេស ក្នុងតួនាទីជាអាណាព្យាបាល និងតួនាទីជាអ្នកសម្របសម្រួលដ៏ល្អជាមួយ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ព្រមទាំងអរគុណ ដល់គ្រប់តួអង្គនៃ វិស័យសិល្បៈទាំងអស់ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាកេរ ដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេសចំពោះការលះបង់ទាំងកម្លាំង កាយចិត្ត ដើម្បីចូលរួមគាំទ្រនិងផ្ទេរចំណេះដឹង និងបទពិសោធន៍ដល់យុវជនបន្តវេន ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ សួង ពិសិដ្ឋ, វ៉េង លីមហួត , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner