ត្រីមាសទី១ ឆ្នាំនេះកម្ពុជារកចំណូលពីការនាំចេញកៅស៊ូ និង ឈើកៅស៊ូជាង១០០លានដុល្លារ
ភ្នំពេញ៖ត្រីមាសទី១ ឆ្នាំនេះកម្ពុជា រកចំណូលបានពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូចំនួនជាង១០០ ៨៣៧ ៦៨៩ដុល្លារអាមេរិក។ក្នុងនេះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន១០០ ៤៨១ ៩៩៥ដុល្លារ និង ចំណូលពីការនាំចេញឈើកៅស៊ូចំនួន៣៥៥ ៦៩៤ដុល្លារ។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារនៃអគ្គនាយកដ្ឋានកៅស៊ូប្រចាំ ត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្តបានឳ្យដឹងទៀតថា ដោយឡែកសម្រាប់ចំណូលការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូប្រចាំខែមីនាកន្លងមកមានចំនួនប១៧ ០៧២ ២៨៦ដុល្លារ។ក្នុងនេះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន១៦ ៩២៦ ៣០៥ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន១៤៥ ៩៨១ដុល្លារ។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តម ហ៊ឹម អូន បញ្ជាក់កាលពីពេលកន្លងទៅឳ្យដឹងថា ជ័រកៅស៊ូក្រៅពីការនាំចេញទៅទីផ្សារក្រៅប្រទេស តម្រូវការ ជ័រកៅស៊ូពីរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងប្រទេសកម្ពុជាក៏មានចំនួនមួយខ្ពស់ដែរ។សម្រាប់ការថយចុះនៃការនាំចេញទៅក្រៅប្រទេសមួយចំនួននោះក៏ដោយសារតម្រូវការកាន់តែច្រើនក្នុងស្រុក។ចំពោះ ជ័រកៅស៊ូកម្ពុជាភាគច្រើន ត្រូវបានឈ្មួញនាំទៅលក់នៅប្រទេសមួយចំនួនដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន និង សហគមន៍អឺរ៉ុប ជាដើម។
សូមជម្រាបថា ផ្ទៃដីកៅស៊ូនៅកម្ពុជាបច្ចុប្បន្នមានចំនួន៤០៧ ១៧២ហិកតា ។ក្នុងនោះ ផ្ទៃដីចៀរជ័រចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និង ផ្ទៃដីថែទាំចំនួន៨៦ ៩៨៨ហិកតា ស្មើនឹង២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួន ២២៦ ៨៤០ហិកតា ស្មើនឹង៥៦ភាគរយនិងផ្ទៃដីកៅស៊ូគ្រួសារមានចំនួន១៨០ ៣៣២ហិកតា ស្មើនឹង៤៤ភាគរយ៕
ដោយ៖ម៉ាដេប៉ូ