រាជធានីភ្នំពេញ នឹងមានតំបន់ទេសចរណ៍ ថ្មីក្នុងភូមិសាស្រ្ត ខណ្ឌ ដូនពេញ

ភ្នំពេញ៖​ ផលិតផលទេសចរណ៍ថ្មីនៅរាជធានីភ្នំពេញ ដែល ស្ថិតក្នុងនៅភូមិសាស្ត្រខណ្ឌដូនពេញ ។ក្នុងនោះមាន ផ្លូវ ថ្មើរជើង មាន ហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ រង្គសាល និងផាប់ស្រ្ទីត ផងនោះ គ្រោងនឹងរៀបចំឡើងនៅដើម ខែ ឧសភា ខាងមុខ ហើយ រួចរាល់នៅ មុនចូលឆ្នាំសកលឆ្នាំ ២០២៥ ខាងមុខនេះ។គម្រោងនេះដើម្បីបម្រើ ភ្ញៀវជាតិ អន្តរជាតិ បាន ដើរ ទិញទំនិញ និង កម្សាន្ត នាពេលរាត្រី។

ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជាស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាព
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពី រសៀល ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបង្ហាញថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មាន ទំហំ៥៧ ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខ ប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤, ខាងត្បូង៖ ផ្លូវលេខ ១០៦, ខាងលិច៖ ផ្លូវលេខ១៣, ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ ។លោកបន្តថា តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ។

ផ្លូវថ្មើរជើងតំបន់ទី២ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦, ខាងត្បូង៖ ផ្លូវលេខ ១៨៤ ,ខាងលិច៖ ផ្លូវលេខ១៣, ខាងកើត ៖ តិរិវិថីព្រះស៊ីសុវត្ថិ។ តំបន់នេះរៀបចំជាតំបន់ ផាប់ស្រ្ទីត ។

ចំណែកផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤, ខាងត្បូង៖ មហាវិថីព្រះសីហនុ, ខាងលិច៖ ផ្លូវលេខ ០៧, ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ។ទីនេះនឹងរៀបចំជាតំបន់ លំហែកាយ។

បញ្ជាក់ក្នុងកិច្ចប្រជុំនាសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គម្រោងនេះយើងបានសិក្សារួចអស់ ហើយ។ ដូច្នេះលោកជំរុញឱ្យមន្ទីរសាធារណការនិងដឹក ជញ្ជូន រាជធានីភ្នំពេញចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោង ចាប់ពី ពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលាប្រាំមួយខែ ។ពោលឱ្យរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីឱ្យ តំបន់ នេះ ក្លាយជាតំបន់មាន ហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ រង្គសាល និងជាកន្លែងផាប់ស្រ្ទីតផងដែរ៕
ដោយ៖ ហេង សម្បត្តិ, ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner