ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សង្ឃឹមថា សមាគមពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាស្ពានចម្លងទំនាក់ទំនង ដឹកនាំអ្នកវិនិយោគចិនមកកាន់កម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថាសមាគមពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាស្ពានចម្លងទំនាក់ទំនង ដឹកនាំអ្នកវិនិយោគចិនមកកាន់កម្ពុជាបន្ថែមទៀត ។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងឱកាសអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគចិន និងជាសមាជិកនៃសមាគមពាណិជ្ជកម្មអន្តរជាតិចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

តំណាងក្រុមហ៊ុនវិនិយោគចិន និងជាសមាជិកនៃសមាគមពាណិជ្ជកម្មអន្តរជាតិ បានបង្ហាញពីក្តីសង្ឃឹមថានឹងអាចប្រែក្លាយជាស្ពានចំលងមួយ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ហើយប្រតិភូដែលបានមកកាន់កម្ពុជានាពេលនេះ ភាគច្រើនគឺសុទ្ធសឹងតែជាអ្នកវិនិយោគ និងអ្នកដែលបានសិក្សាស្រាវជ្រាវលើវិស័យរៀបចំដែនដី និងនគរូបនីយកម្ម ដែលពាក់ព័ន្ធនិងវិស័យជំនាញរបស់ក្រសួងផងដែរ ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាន់យកគោលការណ៍ កម្ពុជា ចាត់ទុកចិនជាមិត្តដ៏ជិតស្និទ្ធ តាមរយៈគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រង់ចាំសហការសម្របសម្រួលនូវតម្រូវការនិងសំណូមពរផ្សេងៗ ដែលសមាគមពាណិជ្ជកម្មអន្តរជាតិត្រូវការ តាមដែលអាចធ្វើទៅបាន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ក្រសួងបានខិតខំប្រឹងប្រែងអនុវត្តនូវកិច្ចការមួយចំនួន ដែលជាការងារអាទិភាពរបស់ក្រសួងគឺការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដែលកិច្ចការនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយបច្ចុប្បន្នក្រសួង ក៏បានផ្ដោតទៅលើការរៀបចំក្រុង និងទីប្រជុំជននៅកម្ពុជា និងផ្ដោតទៅលើវិស័យសំណង់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កេតឃើញថា ពាក់ព័ន្ធនឹងវិស័យសំណង់ ប្រទេសចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺបានរីកលូតលាស់យ៉ាងខ្លាំងលើវិស័យសំណង់ដោយបានប្រើប្រាស់សម្ភារៈសំណង់ដូចជាបេតុងនិងស៊ីម៉ង់មានច្រើនលើសលប់ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសជឿនលឿនផ្សេងទៀតលើសកលលោក ។ ក្នុងន័យនេះ ប្រទេសចិន មានបទពិសោធន៍ខ្លាំងលើវិស័យសំណង់ដែលកម្ពុជាអាចនឹងត្រូវការបទពិសោធន៍ទាំងនេះពីចិនផងដែរ ។ ដោយឡែកចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា ថ្វីត្បិតតែជួបប្រទះនូវផលប៉ះពាល់ខ្លះៗ ដោយសារកំណើននៃអចលនទ្រព្យនាពេលបច្ចុប្បន្ន គឺមានច្រើនជាងតម្រូវការក្តី ប៉ុន្តែវិស័យនេះមិនមានភាពជាប់គាំងនោះទេ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner