រថភ្លើងមួយទឹកអាយុ៤៥ឆ្នាំពីជប៉ុន មកដល់កំពង់ផែក្រុងព្រះសីហនុ

ភ្នំពេញ៖ រថភ្លើងដើរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានក្បាលអូស ប្រភេទ KiHA 183 DMU ចំនួន១១ទូ ដែលជារថភ្លើងមួយទឹកពីប្រទេសជប៉ុន បានមកដល់កំពង់ផែខេត្តព្រះសីហនុហើយកាលពីព្រឹកថ្ងៃសៅរ៍នេះ។

លោក ចន កឺរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានប្រាប់ទូរទស្សន៍អប្សរាពីកំពង់ផែព្រះសីហនុថា រហូតមកដល់ម៉ោង៣រសៀលថ្ងៃសៅរ៍នេះ រថភ្លើងទូទី១ត្រូវបានផ្ទេរចេញពីកប៉ាល់មកលើគោក ហើយក្រុមការងាររបស់លោកនឹងចំណាយពេលមួយយប់ទល់ភ្លឺ ដើម្បីទម្លាក់រថភ្លើង១០ទូ ផ្សេងទៀតមកដី។

នាយកប្រតិបត្តិរូបនេះបានប្រាប់ទូរទស្សន៍អប្សរាទៀតថា ក្រុមការងារបច្ចេកទេសនឹងត្រួតពិនិត្យគុណភាពរថភ្លើង ផ្លាស់ប្តូរគ្រឿងដែលត្រូវការ និងបង្វឹកក្រុមអ្នកបើកបរ មុននឹងបើករថភ្លើងទាំងនេះមកស្ថានីយ៍អយស្ម័យយានរាជធានីភ្នំពេញ នៅ៣ឬ៤សប្តាហ៍បន្ទាប់។

ក្រោយមកដល់ភ្នំពេញ ក្រុមហ៊ុន Royal Railway Cambodia នឹងបើកដំណើរការដឹកអ្នកដំណើរដោយប្រើរថភ្លើងទាំងនេះ ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅដល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រថភ្លើងនេះអាចមានល្បឿនដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងរថភ្លើងដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន ដែលអាចរត់បានក្នុងល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទូរថភ្លើងទាំង១១នេះ ស្មើនឹង៥រថភ្លើងដែលអាចដឹកអ្នកដំណើរសរុប៧០០នាក់។ នេះបើយោងតាមលោក ចន កឺរី។

គួរសម្គាល់ថា រថភ្លើងនេះត្រូវសារព័ត៌មានជប៉ុនរាយការណ៍ថា ផលិតនៅឆ្នាំ ១៩៧៩ ពោលគឺមានអាយុ៤៥ឆ្នាំ។ គេថែមទាំងផ្សាយទៀតថា នេះជារថភ្លើងដែលដាក់ឲ្យចូលនិវត្តន៍កាលពី២ឆ្នាំមុន។ ប៉ុន្តែ លោក ចន កឺរី ក្រុមហ៊ុន Royal Railway Cambodia ដែលបញ្ជាទិញរថភ្លើងនេះ បានអះអាងប្រាប់ទូរទស្សន៍អប្សរាថា រថភ្លើងនេះនៅដំណើរការនៅជប៉ុន និងនៅមានគុណភាពល្អ ហើយថា ការទិញរថភ្លើងមួយទឹកជារឿងធម្មតា ដែលមិនមែនមានតែកម្ពុជាទេ។ ជាក់ស្តែង មានព័ត៌មានពីប្រទេសថៃថា ថៃដែលមានបណ្តាញផ្លូវរថភ្លើងល្អប្រសើរជាងកម្ពុជាផង ក៏ទិញរថភ្លើងមួយទឹកស្រដៀងនេះពីប្រទេសជប៉ុនដែរ។

កម្ពុជាមានផ្លូវដែកចំនួន២ខ្សែ ភាគខាងជើងភ្ជាប់ ភ្នំពេញ ទៅដល់ប៉ោយប៉ែត និងខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលរងការខូចខាតយ៉ាងដំណំដោយសង្គ្រាមស៊ីវិល និងការទុកចោលយូរឆ្នាំមិនប្រើការ។ ផ្លូវរថភ្លើងទាំងពីរខ្សែ ត្រូវបានជួសជុលដោយក្រុមហ៊ុន Royal Railway Cambodia ដែលមិនមែនជាការផ្លាស់ប្តូរផ្លូវដែកទាំងស្រុងទេ ដូច្នេះ ស្ថានភាពផ្លូវមកដល់ពេលនេះ នៅទឹករលក ឬមិនស្មើស្អាត គ្រប់កន្លែងទេ ដែលមិនអំណោយផលដល់ការរត់លឿនឡើយ។ សុវត្ថិភាពនៃការធ្វើដំណើរតាមផ្លូវដែកក៏ជានៅជាបញ្ហាចោទផងដែរ។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូរទស្សន៍អប្សរាថា ក្រសួងកំពុងធ្វើបច្ចុប្បន្នភាពផ្លូវរត់ និងរបាំងសុវត្ថិភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពធ្វើដំណើរតាមរថភ្លើង៕
ដោយៈ រស់ សុធា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner