ផ្សារដើមគរថ្មី ជាផ្សារអាជីវកម្មដ៏ធំក្នុងរាជធានីភ្នំពេញ ត្រូវបានសម្ភោធជាផ្លូវការ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅ កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតិភាព ក្នុងពិធី “បើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ីនវេសម៉ិន ឯ.ក” មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក ស៊ី ហ្សាន (XIE ZHAN) អគ្គនាយកក្រុមហ៊ុនចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ីនវេសម៉ិន ឯ.ក ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ីនវេសម៉ិនបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគក្នុងទំហំ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ផ្សារផ្គត់ផ្គង់ និងគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ក្នុងភាពជាដៃគូជាមួយនិង រដ្ឋបាលរាជធានីភ្នំពេញ ។ នេះមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងខួបលើកទី៦៦ នៃទំនាក់ទំនង ការទូតរវាង “ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន” ឱ្យកាន់តែស្ថិតស្ថេររឹងមាំបន្ថែមទៀត ។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជនគឺជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន- អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន នាពេលនេះ គឺជាការអនុវត្តកិច្ចសន្យា សម្រាប់បំពេញតម្រូវការទាំង រដ្ឋបាលរាជធានីភ្នំពេញ និងភាគីក្រុមហ៊ុនវិនិយោគ ដែលនឹងទទួលបាន ការគាំទ្រពីសំណាក់វិស័យឯកជន និងបងប្អូនអាជីវករ យ៉ាងពិតប្រាកដ។

រដ្ឋបាលរាជធានីភ្នំពេញ បានចុះកិច្ចសន្យាជួលទីតាំងបឹងតាមោកទំហំ ២០ហិចតា ឱ្យទៅក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ដើម្បីអភិវឌ្ឍជាផ្សារ ផ្គត់ផ្គង់បន្លែ ផ្លែឈើ ចំណតរថយន្តបង់ប្រាក់ និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ជាន់ ហើយភាគីក្រុមហ៊ុន ក៏បានវិនិយោគបន្ថែមលើអចលនទ្រព្យ ក្នុងតំបន់នេះ ដែលធ្វើឱ្យគម្រោងអភិវឌ្ឍន៍កាន់តែមានវិសាលភាពធំ នឹងប្រកបដោយសក្តានុពល។

ឯកឧត្ដម ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែ លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាចូលរួមសហការ និងអញ្ជើញមកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំជូនក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ សមស្រប ទៅតាមលទ្ធភាព និងទំហំអាជីវកម្មរបស់ខ្លួន ហើយបញ្ឈប់ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ-សុវត្ថិភាពសង្គម លើកកម្ពស់អនាម័យ- បរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុងយើង ឱ្យកាន់តែស្រស់បំព្រងឡើង ។

ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងថា៖ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោងមួយឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន។ មជ្ឈ មណ្ឌលនេះនឹងក្លាយជាផ្សារបោះដុំទំនិញដ៏ធំជាងគេនៅកម្ពុជា ហើយផ្សារនេះនឹងរួម ចំណែក ក្នុងការអភិវឌ្ឍនិងជំរុញអោយកើនឡើងនូវពាណិជ្ជកម្ម នៃប្រទេសទាំង ២ កម្ពុជា-ចិន ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner