ប្រធានរដ្ឋសភាវៀតណាម វឿង ឌិនហឿ លាលែងពីតំណែង

ហាណូយ៖ លោក វឿង ឌិនហឿ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាមបានចុះចេញពីតំណែង ក្នុងពេលដែលប្រទេសមួយនេះ កំពុងធ្វើយុទ្ធនាការ ប្រឆាំងអំពើពុករលួយ ដ៏ខ្លាំងក្លា។

គណបក្សកុម្មុយនីស្តវៀតណាមបានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រថា «លោក វឿង ឌិនហឿ បានស្នើសុំចុះចេញពីតំណែង ដោយសារតែការប្រព្រឹត្តខុស និងអសមត្ថភាព»។

ប្រភពបានបញ្ជាក់បន្ថែមថា «អសមត្ថភាព របស់សមមិត្ត វឿង ឌិនហឿ បានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស, រដ្ឋ និងខ្លួនលោកផ្ទាល់»។

គណៈកម្មាធិការកណ្តាលរបស់គណបក្ស បានទទួលយការលាលែងពីតំណែងរបស់លោក ហឿ ប៉ុន្តែ រដ្ឋសភានឹងត្រូវបើកសម័យប្រជុំ ដើម្បីបញ្ជាក់ពីការផ្លាស់ប្តូរប្រធានរដ្ឋសភា ដោយគេជឿថា សម័យប្រជុំនេះអាចប្រព្រឹត្តទៅ នៅខែក្រោយ។

ទីភ្នាក់ងារសារព័ត៌មាន VNexpress លោក ហឿ វ័យ៦៧ឆ្នាំ ធ្លាប់ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ និងធ្លាប់ធ្វើជាប្រធានគណៈកម្មការសេដ្ឋកិច្ច ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ និងធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០។ លោកត្រូវបានតែងតាំងជាលេខាបក្សទីក្រុងហាណូយ ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ មុនពេលឡើងកាន់តំណែង ជាប្រធានរដ្ឋសភាវៀតណាម នៅខែមីនា ឆ្នាំ ២០២១។

មនុស្សរាប់ពាន់នាក់ រួមទាំង មន្ត្រីកំពូលៗ និងអ្នកដឹកនាំធុរកិច្ចជាន់ខ្ពស់នានា ត្រូវបានកាត់ទោស ជាបន្តបន្ទាប់ ទាក់ទងសំណុំរឿងអំពើពុករលួយ។ អតីតប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ត្រូវបានបណ្តេញចេញ កាលពីខែមុន បន្ទាប់ពីបំពេញការងារ បានតែមួយឆ្នាំប៉ុណ្ណោះ។

ក្រុមអ្នកវិភាគព្រមានថា ភាពចលាចលនេះ អាចគំរាមកំហែងដល់កេរ្តិ៍ឈ្មោះរបស់វៀតណាម ជាពិសេស ក្នុងពេលដែលប្រទេសនេះកំពុងជំរុញការកសាងសេដ្ឋកិច្ច ចង់ក្លាយជាមជ្ឈមណ្ឌល សម្រាប់ផលិតកម្មម៉ាកល្បីៗ លើពិភពលោក ហើយវៀតណាម កំពុងព្យាយាមស្វែងរកកំណើនវិនិយោគពីបរទេស ជាពិសេស ពីសហរដ្ឋអាមេរិក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner