សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាស «ទិវាពលកម្មអន្តរជាតិ ១ឧសភា»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ «ទិវាពលកម្មអន្តរជាតិ ១ឧសភា» ខួបអនុស្សាវរីយ៍លើកទី១៣៨ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។

ការរៀបចំពិធីអបអរសាទរ «ទិវាពលកម្មអន្តរជាតិ១ឧសភា» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ។

សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានា រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ «ទិវាពលកម្មអន្តរជាតិ១ឧសភា» មានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត ។

ជាមួយគ្នានេះ រាជរដ្ឋាបាលបានបន្តដាក់ចេញនូវអនុសាសន៍ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និងបានបញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់បញ្ចូលយុទ្ធនាការនេះ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដើម្បីប្រែក្លាយអនុសាសន៍នេះឱ្យទៅជាការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព និងបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់ ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា “ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកំណត់យកទិវា ពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពានដល់សហគ្រាសដែលទទួលបានជ័យលាភី”។

ឯកឧត្តម ហេង សួរ បានថ្លែងថា “សហគ្រាសជ័យលាភី ត្រូវទទួលបានការលើកទឹកចិត្ត ដូចជា ១. ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលមាន ៣កម្រិត។ ២. វិញ្ញាបនបត្រ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។៣. ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ស្របតាម កម្រិតនៃពានរង្វាន់ដែលទទួលបាន ។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា “យន្តការនៃការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានពង្រឹងទាំងសមត្ថភាព គុណភាព ផ្សះផ្សាដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ។ ជាក់ស្តែង ក្នុងត្រីមាសទី១ នេះ អត្រាសះជានៃការផ្សះផ្សា វិវាទការងារនៅកម្រិតក្រសួងមានអត្រាខ្ពស់ប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ”។

ឯកឧត្តម ហេង សួរ បានបន្តថា “ក្រសួងបានបន្តការធ្វើសមាហរណកម្ម និងទំនើបកម្មការធ្វើអធិការកិច្ចការងារ ពង្រឹង គុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស គ្រឹះស្ថាន នីមួយៗ និងវិធីសាស្ត្រអធិការកិច្ចប្រកបដោយវិជ្ជាជីវៈ និងចុះអធិការកិច្ចការងារតែ ១ដង/ឆ្នាំ ចំពោះ អធិការកិច្ចសាមញ្ញ ត្រូវអនុវត្តតាមរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម”៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner