សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបូកសរុបលទ្ធផលការងារប្រចាំត្រីមាស១

កំពង់ធំ៖ ឯកឧត្តម  ងួន រតនៈ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពីចុងសប្ដាហ៍កន្លងទៅបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសកម្មភាព និងហិរញ្ញវត្ថុ ត្រីមាស១ ឆ្នាំ២០២៤ និងលើកទិសដៅការងារត្រីមាស២ របស់សាខាកាកបាទក្រហមកម្ពុជា ។

កិច្ចប្រជុំនេះផ្ដោតសំខាន់លើរបៀបវារៈសំខាន់ៗ មួយចំនួនរួមមាន៖របាយការណ៍លទ្ធផលការងារសកម្មភាពឆ្នាំ២០២៣ និងលើកទិសដៅការងារត្រីមាស ២ ,របាយការណ៍ហិរញ្ញវត្ថុឆ្នាំត្រីមាស១ និងផែនការថវិកាត្រីមាស២, ត្រៀមប្រារព្ធកម្មវិធី៨ ឧសភា ឆ្នាំ២០២៤។

សម្រាប់ការអនុវត្តបន្តឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានណែនាំថា ត្រូវបន្តអនុវត្តនូវទម្រង់បែបបទ នីតិវិធីនៃការប្រើប្រាស់មូលនិធិ។ ពិនិត្យវាយតម្លៃ និងរបាយការណ៍ឱ្យបានទៀតទាត់ ព្រមទាំងមានសូចនាករណ៍ឱ្យបានច្បាស់លាស់។

ពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវិធីជួយសង្រ្គោះបឋមតាមសហគមន៍។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំណេះដឹង ជំនាញ លើកកម្ពស់សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុសម័យបច្ចេកវិទ្យាឌីជីថល រួមទាំងការងារជាអាទិភាពគន្លឹះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា៕
ដោយៈ ប៊ុន រដ្ឋា

ads banner