ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ចប់ទស្សនកិច្ចនៅប្រទេសស្វីស និង អាល្លឺម៉ង់ ប្រកបដោយជោគជ័យ

ភ្នំពេញ៖ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធា រណ រដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិ សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ច នៅ សហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។

ក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជា បានពិភាក្សា និងផ្លាស់ប្តូរយោបល់ ជាមួយភាគី ស្វីស និងអាល្លឺម៉ង់ លើការពង្រឹង និងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍក្នុងភាពជាដៃគូរវាងកម្ពុជា-ស្វីស និងកម្ពុជា-អាល្លឺម៉ង់ ក្នុងនោះ បានផ្លាស់ប្តូរបទ ពិសោធ លើការអភិវឌ្ឍវិស័យសំខាន់ៗ រួមមានជាអាទិ៍ អភិបាលកិច្ច សុខាភិបាល អប់រំ កសិកម្ម ការបណ្តុះបណ្តាលនគរបាល ការងារគ្រប់គ្រងពន្ធនាគារ និងការគ្រប់គ្រង រដ្ឋបាលនៅគ្រប់ជាន់ថ្នាក់។

ដោយឡែក នៅក្នុងកិច្ចជំនួបជាមួយភាគីស្វីស ភាគីកម្ពុជាក៏បានថ្លែងអំណរគុណ ដល់ សហព័ន្ធស្វីស ដែលបានផ្តួចផ្តើមបង្កើត មន្ទីរពេទ្យគន្ធបុប្ផា និងបន្តគាំទ្ររាជរដ្ឋាភិបាល កម្ពុជា រហូតមកទល់បច្ចុប្បន្ន ដើម្បីឱ្យមន្ទីរពេទ្យនេះអាចបន្ត និរន្តភាពការផ្តល់សេវា ព្យាបាលដល់កុមារនៅកម្ពុជា។

ទន្ទឹមនឹងនេះ ភាគីស្វីស ក៏បានបង្ហាញឆន្ទៈ និងទទួល យកសំណូមពរក្នុងការ បន្តគាំទ្រ ដល់ដំណើរការ កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ការពង្រឹង សមត្ថភាព មន្ត្រី នគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ជាពិសេស ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា ព័ត៌មាន ការសម្អាតប្រាក់ ក៏ដូចជាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងការពង្រឹង សមត្ថភាព នៅ ស្ថាប័នក្រោមជាតិ ។

ក្រៅពីជំនួបនៃកិច្ចពិភាក្សាខាងលើ គណៈប្រតិភូជាន់ខ្ពស់ បានចូលរួមស្តាប់បទបង្ហាញ និងអញ្ជើញទស្សនកិច្ចសិក្សាអំពីប្រព័ន្ធរដ្ឋបាលនៅថ្នាក់រដ្ឋសហព័ន្ធ ថ្នាក់ក្រុង និងថ្នាក់ ឃុំ នៃសហព័ន្ធស៊ីស និងសាធាណេរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីស្វែងយល់អំពីការគ្រប់ គ្រង ការរៀបចំ ការប្រព្រឹត្តទៅនៃដំណើរការរដ្ឋបាលនៅក្នុងប្រទេសទាំងពីរ រួមមាន រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង សិទ្ធិអំណាច មុខងារដែលថ្នាក់រដ្ឋបាលនីមួយៗទទួល ខុសត្រូវ រួមទាំងការរៀបចំផែនការអភិវឌ្ឍ និងថវិកា ការប្រមូលពន្ធ ការបង្ការ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះអគ្គីភ័យ គ្រោះមហន្តរាយ និងស្ថានភាពអាសន្ន ការបង្ការ និងទប់ស្កាត់បទល្មើស និងការផ្តល់សេវា ចាំបាច់នានា ដូចជា សេវាអប់រំ សេវារដ្ឋបាល សេវាសុខាភិបាល សេវាសន្តិសុខ និងសេវាសង្គមផ្សេងទៀត សំដៅធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ ។

ដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋស្សាព័ន្ធអាល្លឺម៉ង់ បានបញ្ចប់ ទៅប្រកប ដោយ ជោគជ័យ ជាមួយនឹងការវាយតម្លៃបូកសរុបដកស្រង់បទពិសោធល្អៗ ដែលបានអនុវត្តនៅប្រទេសទាំងពីរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner