ឯកឧត្តម ប៉ាក់ សុខុម៖ ទិវាជំនាញ ហូកា ឆ្នាំ២០២៤ គឺជាវេទកាដ៏មានសារៈសំខាន់ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

(ភ្នំពេញ)៖ ទិវាជំនាញ ហូកា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍ វិនិយោគលើធនធានមនុស្ស គឺជាពេលវេលាដ៏មានសារៈសំខាន់ និងជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) តំណាងរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តម ប៉ាក់ សុខុម ក៏បានថ្លែងអំណរគុណ វាគ្មិនជាតិ និងអន្តរជាតិ តំណាងសមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វិស័យឯកជន និងលោកគ្រូ អ្នកគ្រូទាំងអស់ ក្នុងពិធីបើក ទិវាជំនាញ ហូកា ឆ្នាំ២០២៤ និងពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីប្រកួតជំនាញចាក់ឡាតេ និងជំនាញសេវាកម្មស្រាទំពាំងបាយជូរ នៅពេលនេះ ។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ទិវាជំនាញ ហូកា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍ វិនិយោគលើធនធានមនុស្ស គឺជាពេលវេលាដ៏មានសារៈសំខាន់ និងជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅជំរុញអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ជាពិសេសយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជនចំនួន ១,៥លាននាក់ ។

ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឯកឧត្តម សូមវាយតម្លៃខ្ពស់ចំពោះអង្គភាពពាក់ព័ន្ធរបស់ក្រសួងទេសចរណ៍ ដែលកន្លងមកបានខិតខំរៀបចំយុទ្ធសាស្ត្របណ្តុះបណ្តាលធនធានមនុស្សតួយ៉ាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥” ។

សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ត្រូបានអនុវត្តស្របតាមស្មារតី នៃអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការរវាងក្រសួងទេសចរណ៍ ជាមួយនឹងអង្គការ ស្វីសខន់ថាក់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដើម្បីអនុវត្តដំណាក់កាលទី២ ឆ្នាំ២០២០ ដល់២០២៤ ជាលទ្ធផល គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍បានចំនួន ៤.៥៥៦នាក់ ចាប់ពីឆ្នាំ២០២០ដល់ ២០២៤៕

អត្ថបទ និងរូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner