ថៃនឹងក្លាយជាដៃគូ FTA ដំបូងគេ របស់បង់ក្លាដែស នៅអាស៊ាន

បាងកក៖ មន្ត្រីជាន់ខ្ពស់ថៃបាននិយាយ កាលពីថ្ងៃអាទិត្យថា នៅក្នុងក្របខណ្ឌអាស៊ាន ថៃនឹងក្លាយជាដៃគូពាណិជ្ជកម្មសេរី ហៅកាត់ FTA ដំបូងគេ របស់ប្រទេសបង់ក្លាដែស នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

បើផ្អែកតាមប្រភព បញ្ជាក់ថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង យល់ព្រមផ្តួចផ្តើមលើការពិភាក្សា FTA ហើយការចរចា អាចនឹងបញ្ចប់ នៅចុងឆ្នាំនេះ។ ការឯកភាពបង្កើត FTA ត្រូវបានធ្វើឡើង ក្នុងពេលដែល នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានបំពេញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នេះបើតាម AFP។

រដ្ឋមន្ត្រីថៃបានអះអាងថា ប្រទេសរបស់ខ្លួនចាត់ទុក បង់ក្លាដែស ជាដៃគូយុទ្ធសាស្ត្រ លើពាណិជ្ជកម្ម និងការវិនិយោគ ក្នុងតំបន់អាស៊ីខាងត្បូង។ ប្រភពបានបន្តថា ក្រុមហ៊ុនថៃមួយចំនួនបានវិនិយោគយ៉ាងច្រើនរួចទៅហើយ ក្នុងវិស័យអាហារ សំណង់ និងសណ្ឋាគារ នៅបង់ក្លាដែស។ បង់ក្លាដែស ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការនាំចូលផលិតផលម្ហូបអាហារបន្ថែមទៀត ពីប្រទេសថៃ រួមមានទាំង ស្ករ ប្រេង បន្លែ និងសណ្តែក ដើម្បីធានាសន្តិសុខស្បៀង។

កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មរវាងថៃ និងបង់ក្លាដែស មានចំនួន ជាង១ពាន់លានដុល្លារអាមេរិក នេះបើតាមរដ្ឋមន្ត្រីថៃ ដដែល៕ ប្រភពពី The Nation និង AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner