ព្យុះកំបុតត្បូងវាយប្រហារចិន មនុស្សស្លាប់ និងរបួសជិត ៤០នាក់

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៥នាក់ស្លាប់ និង ៣៣នាក់រងរបួស បន្ទាប់ពីព្យុះកំបុតត្បូងមួយបានវាយប្រហារទីក្រុងក្វាងចូវ របស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន ស៊ីនហួរ បានរាយការណ៍ថា ព្យុះកំបុតត្បូងបានបោកបក់មកលើទីក្រុងក្វាងចូវ ខេត្តក្វាងទុង ភាគខាងត្បូងនៃប្រទេសចិន នៅម៉ោងប្រហែល ៣រសៀល (ម៉ោងក្នុងតំបន់)។ ក្វាងទុង ជាខេត្តដែលមានប្រជាជនច្រើនជាងគេរបស់ប្រទេសចិន រហូតដល់ ១២៧លាននាក់ និងរោងចក្ររាប់ពាន់ទីតាំង ដែលផ្តល់ថាមពលដល់វិស័យនាំចេញរបស់ប្រទេសចិន។

បើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ព្យុះកំបុតត្បូងដ៏កំណាចនេះ បានធ្វើឱ្យរោងចក្រចំនួន ១៤១ទីតាំងរងការខូចខាត។ រូបភាពចែកចាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបង្ហាញឱ្យឃើញពីផ្ទៃមេឃដ៏ងងឹតនៅកណ្តាលថ្ងៃ ក៏ដូចជារថយន្តដែលរងការខូចខាត និងដើមឈើដួលរលំ។ ព្យុះកំបុតត្បូងមិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសចិន។

តួយ៉ាង កាលពីខែកញ្ញា មនុស្ស ១០នាក់បានស្លាប់ បន្ទាប់ពីព្យុះកំបុតត្បូងមួយបានវាយប្រហារទីក្រុង Suqian នៃខេត្ត Jiangsu ភាគខាងកើតរបស់ប្រទេសចិន។ ក្នុងឆ្នាំ២០២១ ខ្យល់ព្យុះកំបុតត្បូងចំនួនពីរបានវាយប្រហារប្រទេសចិនក្នុងថ្ងៃតែមួយ ដោយវាបានសម្លាប់មនុស្សរហូតដល់ ១២នាក់ ក្នុងនោះ ៨នាក់នៅទីក្រុង Wuhan។

ក្រៅពីខ្យល់ព្យុះ កាលពីពេលថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង ក៏បានបង្កជាទឹកជំនន់ធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ផងដែរ។ វាគឺជាទឹកជំនន់ដ៏អាក្រក់បំផុតសម្រាប់ខេត្តក្វាងទុង គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner