ភ្នំភ្លើងផ្ទុះនៅឥណ្ឌូនេស៊ី អាជ្ញាធរបារម្ភពីសុវត្ថិភាព និងសុខភាពប្រជាជន

ហ្សាការតា៖ ភ្នំភ្លើងសកម្មមួយមានទីតាំងស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យទី២៨ ខែមេសា បានផ្ទុះឡើង និងបានជះកំទេចកំទីផេះភ្នំភ្លើងក្នុងចម្ងាយជាង ៣គីឡូម៉ែត្រទៅលើផ្ទៃមេឃ ហើយជំរុញមន្ត្រីព្រមានប្រជាជនឱ្យភៀសខ្លួនទៅឆ្ងាយ និងប្រយ័ត្នសុខភាព។

ភ្នំភ្លើង Ibu ស្ថិតនៅលើកោះ Halmahera នៃខេត្ត North Maluku បានផ្ទុះឡើងនៅម៉ោង ១២និង៣៧នាទីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ដោយវាបានបង្កើតជាផ្សែងខ្មៅយ៉ាងក្រាស់ និងកំទេចកំទីផេះនៅភាគខាងលិចនៃកំពូលភ្នំ។ មន្ត្រីនៅប៉ុស្តិ៍ត្រួតពិនិត្យភ្នំ Ibu ឈ្មោះ Axl Roeroe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យថា ការផ្ទុះនេះមានរយៈពេលជាង ៣នាទី ហើយកំទេចកំទីផេះបានហោះឡើងទៅលើផ្ទៃមេឃក្នុងកម្ពស់ជាង ៣.៥គីឡូម៉ែត្រ ពីលើកំពូលភ្នំ។

មន្រ្តីរូបនេះក៏បានព្រមានដល់អ្នកស្រុក និងអ្នកទេសចរនៅជិតភ្នំ Ibu ត្រូវជៀសវាងធ្វើសកម្មភាពណាមួយក្នុងចម្ងាយជាង ២គីឡូម៉ែត្រពីរណ្ដៅភ្នំភ្លើង។ កម្រិតប្រកាសអាសន្ននៃភ្នំភ្លើងនេះ គឺស្ថិតក្នុងកម្រិតពីរ ក្នុងចំណោម៤កម្រិតរបស់ប្រទេសឥណ្ឌូនេស៊ី។ មិនមានការបញ្ជាជម្លៀសខ្លួនប្រជាជន បន្ទាប់ពីការផ្ទុះភ្នំភ្លើងនោះទេ ប៉ុន្តែអាជ្ញាធរបានជំរុញប្រជាជនឱ្យពាក់ម៉ាស់មុខ និងវ៉ែនតា ពេលធ្វើសកម្មភាពចេញក្រៅផ្ទះ និងឈរមើលផេះភ្នំភ្លើងដែលធ្លាក់ចុះ។

គួរបញ្ជាក់ថា ដោយសារទីតាំងរបស់ខ្លួនស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ដែលលាតសន្ធឹងពីប្រទេសជប៉ុន ឆ្លងកាត់អាស៊ីអាគ្នេយ៍ និងអាងមហាសមុទ្រប៉ាស៊ីហ្វិក។ តួយ៉ាង កាលពីដើមខែនេះ ភ្នំភ្លើង Ruang នៅភាគខាងជើងកោះ Sulawesi បានផ្ទុះឡើង ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ។ អាកាសយានដ្ឋានអន្តរជាតិ Sam Ratulangi ក្នុងទីក្រុង Manado ដែលស្ថិតនៅចម្ងាយជាង ១០០គីឡូម៉ែត្រ ពីមាត់ភ្នំភ្លើងនោះ ក៏ត្រូវបានបិទជាច្រើនថ្ងៃផងដែរ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner