សម្តេចតេជោ ហ៊ុន សែន ៖ គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា-តួកគី នឹងអាចសម្រេចបាន នាពេលខាងមុខ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា គោលដៅ ១ពាន់លានដុល្លារ នៃការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងកម្ពុជា-តួកគី នឹងអាចសម្រេចបាន នាពេលខាងមុខ ខណៈទំហំពាណិជ្ជកម្មរបស់កម្ពុជា-តួកគី គឺនៅតូចនៅឡើយ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឲ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៥ នៃព្រឹទ្ធសភានេះ សម្តេច នឹងផ្ដោតអទិភាពសំខាន់ទៅលើកិច្ចការងារបរទេស ។ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោ បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរបស់យើង គឺនៅតូចនៅឡើយ ដែលពុំទាន់សក្តិសមទៅនឹងសក្តានុពល ដែលប្រទេសទាំងពីរមាន ។

ទាក់ទងទៅនឹងការហោះហើរត្រង់ពីតួកគីមកកម្ពុជា សម្ដេចតេជោ បានមានប្រសាសន៍ថា វានឹងអាចធ្វើឲ្យទេសចរណ៍ ពីប្រទេសជិតខាងតួកគី យកប្រទេសតួកគី ជាកន្លែងចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ។

ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សម្ដេចបានណែនាំឲ្យ ស្ថាប័នទាំងពីរ គួរតែមានកម្មវិធីឱ្យច្រើន ដើម្បីរំលឹកខួបទំនាក់ទំនងនេះ ។

សូមបញ្ជាក់ជូនថា នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានរៀបរាប់ប្រាប់លោកជំទាវទូតពីគោលបំណង ដែលសម្ដេចសម្រេចធ្វើការផ្លាស់ប្ដូរ និងផ្ទេរអំណាចទៅដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយជាការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដែលទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ បានបន្តទៀតថា ការផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តវេន ក្នុងរយៈពេល៨ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានដំណើរការល្អប្រសើរ មានស្ថិររភាព កំណើនសេដ្ឋកិច្ចល្អប្រសើរ និងអតិផរណាស្ថិតនៅក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំអញ្ជើញប្រធានសភាតួកគី មកចូលរួមវេទិកាអន្តរសភា និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញធ្វើជាធិបតី និងដឹកនាំកិច្ចប្រជុំនៃមហាសន្និបាតនេះ ហើយសម្ដេចតេជោ នឹងត្រូវបានអញ្ជើញធ្វើជាប្រធានកិត្តិយស នៅក្នុងកិច្ចប្រជុំនោះផងដែរ ។

ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ និងលោកជំទាវឯកគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ក៏បានពិគ្រោះពិភាក្សាគ្នាផងដែរ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេស សភាពការណ៍នៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍នៅមជ្ឈិមបូព៌ាផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner