នាយករដ្ឋមន្ត្រីកម្ពុជា៖ រយៈពេលជាង ២ខែ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តេស្តវិជ្ជមានសារធាតុញៀនចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

(ភ្នំពេញ)៖ គិតពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្ត រកសារធាតុញៀនតាមទឹកមូត្រជាង ៥ម៉ឺននាក់ ក្នុងនោះវិជ្ជមាន ជាង ៧០នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។

នេះបើតាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា លើបណ្ដាញសង្គមតេលេក្រាមនារសៀលថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ ។

សម្ដេចធិបតី បានបញ្ជាក់លើបណ្ដាញសង្គមតេលេក្រាមថា បន្ទាប់ពីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ស្តីអំពីការអនុវត្តបទបញ្ជាលេខ ០១ បប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាលទ្ធផលដោយគិតមកត្រឹមថ្ងៃ២៩ ខែមេសា ឆ្នាំ២០២៤ ចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រមានចំនួន ៥៦៤៤៥នាក់ ក្នុងនោះវិជ្ជមានចំនួន ៧៦នាក់ នឹងត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ។

ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១បប ប្រកបដោយប្រសិទ្ធិភាព ដូចខាងក្រោម៖

១) កៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែម ។

២) សហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត។

៣) បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោល របស់អង្គភាពនានា ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីឱ្យអង្គភាពពួកគាត់ អាចចេះធ្វើតេស្តតាមទឹកមូត្រដោយខ្លួនឯង។

៤) ណែនាំដល់សាមីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។

សម្ដេចនាយករដ្ឋមន្ត្រី ក៏សូមអរគុណ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ដែលអនុវត្តបទបញ្ជាលេខ ០១បប របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ប្រកបដោយប្រសិទ្ធិភាព ស័ក្តសិទ្ធិភាព និងនិរន្តភាព ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner