ព្រះមហាក្សត្រ និងសម្តេចម៉ែ ធ្វើព្រះរាជសាររំលែកទុក្ខ ពលរដ្ឋរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះគ្រាប់ (Video Inside)

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើព្រះរាជសារផ្សេងគ្នា សម្តែងក្តីរន្ធត់ និងតក់ស្លុត ក្រោយព័ត៌មានផ្ទុះគ្រាប់ ក្នុងខេត្តកំពង់ស្ពឹ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសច្រើនសិបនាក់។

គួរបញ្ជាក់ថា ឧប្បទ្ទវហេតុផ្ទុះគ្រាប់នៅទីស្តុកក្នុងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅលើរថយន្តផ្ទុកគ្រាប់ និងរាលដាលប៉ះឃ្លាំងស្តុក កាលពីរសៀលថ្ងៃទី២៧មេសា បានបង្កឱ្យមានទាហានស្លាប់យ៉ាងហោច ២០នាក់ និងអ្នករងរបួសជាច្រើននាក់ថែមទៀត។ មិនមានសេចក្តីរាយការណ៍ថាតើការផ្ទុះនោះបណ្តាលមកពីអ្វីនៅឡើយទេ។

ព្រះរាជសាររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្ងៃទី២៩មេសា បានបង្ហាញនូវ «ហឫទ័យតក់ស្លុត» ដែលហេតុការណ៍នោះបាន «បណ្តាលឱ្យមានបងប្អូន កូនចៅ ចៅទួត ជាយោធិនពលី និងរបួសជាច្រើននាក់»។

ព្រះរាជសារបានសរសេរថា ព្រះអង្គទាំងទ្វេ «មានសេចក្តីសោកស្តាយជាទីបំផុត និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារ នៃយោធិនទាំងអស់ ដែលជាអ្នកស្នេហាជាតិហើយ បានពលីក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងសូមឱ្យវិញ្ញាណក្ខន្ធយោធិនពលីទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

ព្រះរាជសារនៅបាន «ជូនពរដល់បងប្អូន កូនចៅ ចៅទួតយោធិន ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យទាំងអស់ សូមឱ្យបានឆាប់ជាសះស្បើយ»។

ads banner