សម្តេចធិបតីថ្លែងថា សំណង់ព្រែកជីកហ៊្វូណនតេជោ មិនមែនជាផលប្រយោជន៍របស់ត្រកូល «ហ៊ុន» ទេ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការពារសំណង់ព្រែកជីកហ៊្វូណនតេជោ និងបញ្ជាក់ថា សំណង់ព្រែកជីកឆ្លងកាត់ខេត្តចំនួន៤ របស់កម្ពុជា មិនមែនជាផលប្រយោជន៍របស់ត្រកូល «ហ៊ុន» ឡើយ ប៉ុន្តែគឺជាផលប្រយោជន៍សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស។

គម្រោងសំណង់ព្រែកជីកហ៊្វូណនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាតិ នៅមុនការបុកគ្រឹះ ដែលត្រៀមធ្វើនៅក្នុងឆ្នាំ២០២៤នេះ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ជាពិសេសពីបុគ្គល សម រង្ស៊ី ដែលជាមេខ្លោងបង្កអំពើញុះញង់ ចង់ផ្តួលរំលំរបបរាជានិយមនៅក្នុងប្រទេសកម្ពុជា។

ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានធ្វើសាររៀងៗខ្លួន តាមលិខិត និងតាមបណ្តាញសង្គម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងធ្វើសំណង់ព្រែកជីក ភ្ជាប់ពីសមុទ្ទមកកាន់ទន្លេ របស់កម្ពុជា។

ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជុំវិញរឿងសំណង់ព្រែកជីកហ៊្វូណនតេជោ បានធ្វើនៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគមន៍បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២៤។

គំរោងព្រែកជីកហ្វូណនតេជោ ក៏ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើងនូវការបារម្ភ របស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងលំហូរទឹកសមុទ្ទចូលក្នុងទន្លេមេគង្គ ប៉ុន្តែក្នុងដំណើរទស្សនកិច្ច ជាផ្លូវការមួយរបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូ ឆ្នាំ២០២៣, សម្តេចធិបតីបានប្រាប់មេដឹកនាំវៀតណាមវិញថា គំរោងព្រែកជីកហ្វូណនតេជោ មិនបង្កឱ្យផលប៉ះពាល់ជាអវិជ្ជមាន ដល់លំហូរទឹកទន្លេមេគង្គឡើយ។

សម្តេចធិបតីនៅថ្ងៃទី២៨មេសាបានបញ្ជាក់ថែមទៀត ជុំវិញអ្វីដែលជាកង្វល់របស់បរទេស ពាក់ព័ន្ធនឹងទឹកហូរពីទន្លេចូលក្នុងសមុទ្ទ។

ads banner