បុរសអាយុ៣៥ឆ្នាំស្លាប់ដោយសារស្តារអណ្តូងក្នុងភូមិដែលរងចំណោទខ្វះទឹក (Video Inside)

ការខ្វះទឹកនៅតំបន់មួយចំនួន នៅក្នុងខេត្តមណ្ឌលគិរី បានចាប់ផ្តើមបណ្តើរៗហើយ ក្នុងចុងខែមេសានេះ គ្រាដែលសីតុណ្ហភាពក្តៅ បានកើនដល់ជាង ៤០អង្សាសេ។

ពលរដ្ឋក្នុងមូលដ្ឋាន ក្នុងខេត្តភាគឥសានប្រទេសនេះ ត្រូវគេឃើញបាននាំគ្នាជីកអណ្តូង, ខ្លះស្តារស្រះ ដើម្បីស្វែងរកប្រភពទឹកប្រើប្រាស់។

នៅក្នុងស្រុកកោះញែក នៃភូមិរវាក់, ឃុំរយ៉ បុរសអាយុ៣៥ឆ្នាំម្នាក់ឈ្មោះ កសឹម អារី ដោយសារតែការខ្វះទឹក បានជីកដីស្តារអណ្តូងទឹកកាលពីថ្ងៃទី២៨មេសា ប៉ុន្តែគាត់ត្រូវបានដីបាក់សង្កត់បណ្តាលឱ្យស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។

អធិការនគរបាលស្រុកកោះញែកលោក យ៉ម ហ៊ុនអេង បានបញ្ជាក់ថា ចំណោទខ្វះទឹកដោយសារកំដៅហួតហែងខ្លាំង បានបណ្តាលឱ្យបុរសខ្មែរឥស្លាមរូបនោះ ចុះស្ដារអណ្ដូងទឹក ប៉ុន្តែនៅក្នុងពេលកំពុងស្តារនោះ ក៏មានដីបាក់ធ្លាក់សង្កត់បណ្ដាលឲ្យជាប់ជនរងគ្រោះនៅក្នុងអណ្ដូង។

ក្រុមគ្រួសារ និងសាច់ញាតិ បាននាំគ្នាជួយគាស់យកជនរងគ្រោះ ពីក្នុងអណ្ដូង រួចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលទៅដល់មន្ទីរពេទ្យ។

ads banner