រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានគឺជាក្រុមគោលដៅអាទិភាពមួយក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានពិភាក្សាអំពីការចុះឈ្មោះ និងការផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមគោលដៅ «អ្នកសារព័ត៌មាន» ក្រោមក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

កិច្ចប្រជុំដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន បានទទួលយកអនុសាសន៍ពីថ្នាក់ដឹកនាំស្ថាប័នទាំងពីរ ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិនេះ ជាពិសេស ការរៀបចំផែនការសកម្មភាពលម្អិត និងអាទិភាពសម្រាប់គាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តឱ្យបានល្អប្រសើរ។

ឯកឧត្តម ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម បានបន្ថែមថា៖ “អ្នកសារព័ត៌មានត្រូវបានកំណត់ជាក្រុមគោលដៅមួយ ក្នុងចំណោមក្រុមគោលដៅទាំង១៥ នៃយុទ្ធសាស្រ្តនេះ ហើយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបំណងសហការជាមួយក្រសួងព័ត៌មាន ដើម្បីចលនាការចុះឈ្មោះអ្នកសារព័ត៌មានឱ្យទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះ រួមទាំងអត្ថប្រយោជន៍គាំពារសង្គម និងរបបសន្តិសុខសង្គម។”

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ព្រមទាំងគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់លើអ្នកសារព័ត៌មាន និងបានកំណត់អាជីពសារព័ត៌មាននៅក្នុង វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពទាំង ១៥ នៅក្នុងយុទ្ធសាស្រ្តនេះ។ ឯកឧត្តមបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយរហូត មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានចេញនូវបណ្ណសារព័ត៌មានបានប្រមាណជាង ៦.៣០០ នាក់រួចហើយ។ ក្រសួងព័ត៌មានក៏នឹងរៀបចំការប្រមូលទិន្នន័យអ្នកសារព័ត៌មានដែលមានបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ( ប.ស.ស ) ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងសហការបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញអ្នកសារព័ត៌មាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ ឱ្យចូលមកក្នុងតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបងប្អូនអ្នកសារព័ត៌មានទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយនានាដែលដាក់ចុះដោយរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ឯកឧត្តមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ជាពិសេសអាទិភាពសម្រាប់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន៕
ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner