គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ១៤ មានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣ លាន ដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ១៤ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស ពីរាជរដ្ឋាភិបាល។ គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន បួនដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣ លាន ដុល្លារអាមេរិក ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ។

នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទ ចំនួន ១៤ គម្រោង ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង មន្ត្រីជំនាញ ដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តព្រះសីហនុ, អគ្គនាយកដ្ឋានពន្ធដារ, និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ព្រមទាំងមន្រ្តី និង បុគ្គលិកជំនាញពាក់ព័ន្ធ ។

ការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ ដែល សម្តេចធិបតីបនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ។ តាមរយៈនេះ គិតចាប់ពីខែ កុម្ភៈ មកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ២៧ ។ ក្នុងពេលខាងមុខដ៏ខ្លីនេះ ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្តពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ចចំនួន ១២ ទៀត ។

បន្ថែមលើនេះ ក្រុមការងារក៏បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគីចំនួនមួយករណីក្នុងខេត្តព្រះសីហនុ ដើម្បីជំរុញការដោះស្រាយគម្រោងសាងសង់អគារជាប់គាំង ។ ទន្ទឹមនេះ ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ការសិក្សារៀបចំ និង ពង្រឹងតំបន់ឧស្សាហកម្ម ឬ តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់ ។

លើសពីនេះទៀត, ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការពាក់ព័ន្ធនឹងអគារជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១០០ លានដុល្លារអាមេរិក ។

សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច ។ លើសពីនេះ, ការលើកទឹកចិត្ត និង ការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម ។

ជាមួយនេះ, សហគ្រាស ឬ គម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និង សម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ ជាអាទិ៍ ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្រ្ត និង លទ្ធភាពរបស់រដ្ឋ និង/ឬ វិស័យឯកជន ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ជាពិសេស ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕
ដោយៈង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner