ថៃ-ប្រ៊ុយណេចុះកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្ម, ទេសចរណ៍

បាងកក៖ ប្រទេសប្រ៊ុយណេ និងថៃ កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ នេះបើតាមកាសែត បាងកកប៉ុស្តិ៍។

កិច្ចព្រមព្រៀងទាំងពីរនេះត្រូវបានចុះហត្ថលេខា ក្រោមវត្តមាននាយករដ្ឋមន្ត្រីថៃ និង ព្រះមហាក្សត្រប្រ៊ុយណេ ក្រោយពេលជួបពិភាក្សា ទ្វេភាគី។ ព្រះចៅ ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម អមដំណើរដោយព្រះរាជបុត្រា ម៉ាទីន បានយាងទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ រយៈពេល២ថ្ងៃ។

បើតាមកាសែត បាងកកប៉ុស្តិ៍ ភាគីទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបង្កើតយន្តការកម្រិតគោលនយោបាយ កំណត់ផែនការសកម្មភាពជាក់ស្តែង សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ រួមទាំង តាមរយៈគម្រោង «ប្រទេសទាំងប្រាំមួយ គោលដៅតែមួយ» ដែលស្នើឡើងដោយថៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ ក្នុងតំបន់ ព្រមទាំង បានឯកភាពសហការលើសុខុមាលភាពទេសចរណ៍ធម្មជាតិ ព្រមទាំង ទេសចរណ៍មូស្លីម។ លើសពីនេះ ភាគីទាំងពីរក៏នឹងជំរុញការហោះហើរត្រង់ រវាងថៃ និង ប្រ៊ុយណេ ទៀតផង។

យោងតាមប្រភពបានឲ្យដឹងទៀតថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ ស្តីពីការអភិវឌ្ឍន៍តំបន់ដែលមានផលប្រយោជន៍រួម និងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះភាពជាកណ្តាល របស់អាស៊ាន។

បន្ទាប់ពីបញ្ចប់ព្រះរាជកិច្ចនៅប្រទេសថៃ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេ ដារូសាឡឹម អមដំណើរដោយព្រះរាជបុត្រា ម៉ាទីន បានយាងមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី២៩ ខែមេសា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងបុត្រា ពីររូប គឺឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ាណិត ព្រមទាំងមន្ត្រីសំខាន់ៗមួយចំនួនទៀត បានអញ្ជើញមកទទួលព្រះរាជដំណើរ នាចំណតអាកាសយានដ្ឋានអន្តរជាតិ រាជធានីភ្នំពេញ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner