លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅអឺរ៉ុបលើកដំបូង

ប៉េកាំង៖ រដ្ឋាភិបាលទីក្រុងប៉ារីស បានប្រកាសក្នុងថ្ងៃចន្ទនេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង រយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី៦ និងទី៧ ខែឧសភា ខណៈសង្រ្គាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ត្រូវបានរំពឹងថា ជារបៀបវារៈកំពូលរវាងមេដឹកនាំទាំងពីរ។

ការបំពេញទស្សនកិច្ចនៅបារាំង ជាដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩។ ការិយាល័យប្រធានាធិបតីបារាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី គ្រោងធ្វើឡើងក្នុងឱកាសខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ការិយាល័យ Elysee របស់ប្រធានាធិបតីបារាំងបន្ថែមថា កិច្ចពិភាក្សារវាងមេដឹកនាំបារាំង និងចិននឹងផ្តោតលើវិបត្តិអន្តរជាតិសំខាន់ៗមួយចំនួន មានដូចជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ជម្លោះនៅមជ្ឈិមបូព៌ា, បញ្ហាពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត, វប្បធម៌ និងកីឡា។

បើតាមសេចក្តីថ្លែងការណ៍ លោក ស៊ី និងលោក ម៉ាក្រុង ក៏នឹងពិភាក្សាអំពីការធ្វើសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ជាពិសេសភាពអាសន្នផ្នែកអាកាសធាតុ, ការការពារជីវចម្រុះ និងស្ថានភាពហិរញ្ញវត្ថុនៃប្រទេសដែលងាយរងគ្រោះបំផុត។

ក្រៅពីបារាំង លោក ស៊ី ក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីផងដែរ ចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភាខាងមុខ នេះបើយោងតាមការប្រកាសរបស់រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបកណ្តាល កាលពីសប្តាហ៍មុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner