ប្រធានផ្នែកអាកាសធាតុ៖ G7 ត្រូវតែនាំមុខគេដោះស្រាយការឡើងកំដៅផែនដី

ប៉េកាំង៖ ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក Simon Stiell នៅថ្ងៃចន្ទនេះ បានប្រាប់បណ្តាប្រទេស G7 ថា វាជារឿងមិនសមហេតុសមផលទាល់តែសោះ ក្នុងការអះអាងថា ពួកគេមិនអាចចាត់វិធានការខ្លាំងក្លា ដើម្បីដោះស្រាយការឡើងកំដៅផែនដីបានទេ។

ក្រុមប្រទេស G7 កំពុងរៀបចំកិច្ចប្រជុំផ្នែកនយោបាយដ៏ធំជាលើកដំបូងរបស់ខ្លួននៅទីក្រុង Turin ភាគខាងជើងនៃប្រទេសអ៊ីតាលី សម្រាប់ការពិភាក្សាអំពីបរិស្ថាន និងអាកាសធាតុរយៈពេលពីរថ្ងៃ។ លោក Stiell បានប្រាប់ក្រុមរដ្ឋមន្ត្រីបរិស្ថានដែលជួបប្រជុំនៅទីក្រុង Turin ថា គ្មានហេតុផល ដែលថា ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនធំជាងគេលើពិភពលោក មិនអាចសហការគ្នា ដើម្បីចរចាអំពីការប្រែប្រួលអាកាសធាតុពិភពលោក។

លោក Stiell ដែលជាប្រធានកិច្ចការអាកាសធាតុនៃអង្គការសហប្រជាជាតិបន្ថែមថា ក្រុមប្រទេស G7 ត្រូវតែនាំមុខគេ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នកាន់តែស៊ីជម្រៅ និងបង្កើនហិរញ្ញវត្ថុផ្នែកអាកាសធាតុកាន់តែធំ និងកាន់តែប្រសើរនៅឆ្នាំនេះ ហើយថា វាជារឿងចាំបាច់បំផុត ប្រសិនបើយើងចង់ជៀសវាងគ្រោះមហន្តរាយសេដ្ឋកិច្ចពិភពលោក។

សូមរម្លឹកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ បានឃើញប្រទេសនានាយល់ព្រមកាត់បន្ថយការឡើងកំដៅផែនដីនៅកម្រិត ២អង្សាសេ ជាមួយនឹងដែនកំណត់សុវត្ថិភាពជាង ១.៥អង្សាសេ ប្រសិនបើអាចធ្វើទៅបាន។ ដើម្បីរក្សាគោលដៅត្រឹម ១.៥អង្សាសេ ក្រុមប្រឹក្សាអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិបាននិយាយថា ការបំភាយឧស្ម័នត្រូវតែកាត់បន្ថយស្ទើរតែពាក់កណ្តាលនៅទសវត្សរ៍នេះ។ ប៉ុន្តែការបំភាយឧស្ម័ននៅតែបន្តកើនឡើង ដែលភាគច្រើនដោយសារការដុតឥន្ធនៈហ្វូស៊ីល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner