សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម ក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន ។

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិត កណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ ក្រ យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុត ប្រៀបដូចជាគ្រួសារតែមួយ ។

សូមជម្រាបថា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ ដារូសាឡឹម ដែលអមដំណើរដោយព្រះរាជបុត្រា ម៉ាទីន បានយាងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ហើយត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញទទួលព្រះរាជដំណើររបស់ព្រះអង្គ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់លើបណ្ដាញ សង្គមថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេ មកម្ពុជា ពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែជាការសោយក្រយាពេលព្រឹក ជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និង សម្តេចតេជោ ជាប្អូនពៅ) ។

សម្តេចតេជោ បញ្ជាក់ថា ក្រោយការសោយក្រយា សម្តេច នឹងដង្ហែព្រះអង្គ ទៅព្រលានយន្តហោះ ដើម្បីយាងនិវត្តន៍ ទៅកាន់ប្រទេសវិញ ។ បើតាមការគ្រោងទុក ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ ដារូសាឡឹម និងព្រះរាជបុត្រា នឹងយាងចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ ។

សម្តេចតេជោ បានបញ្ជាក់ថា ការទទួលព្រះរាជដំណើរ ដោយផ្ទាល់បែបនេះ មិនមានអ្វីចម្លែកនោះទេ ព្រោះកាលពីឆ្នាំ២០១១ ពេលសម្តេច អញ្ជើញទៅព្រុយណេ ព្រះអង្គបានយាងបើករថយន្តដោយអង្គឯងមកទទួលសម្តេចនៅព្រលានយន្តហោះ ហើយជូនទៅសណ្ឋាគារផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ព្រះមហាក្សត្រ ព្រុយណេ និងលោក ថាក់ស៊ីន គឺជាអតីតមេដឹកនាំនៅក្នុងអាស៊ាន ដែលស្និទ្ធស្នាលនឹងគ្នាជាទីបំផុត។ មកដល់ពេលនេះ សម្រាប់ប្រទេសសមាជិកអាស៊ាន មានតែព្រះមហាក្សត្រព្រុយណេប៉ុណ្ណោះ ជាមេដឹកនាំប្រទេសសមាជិកអាស៊ាន មានព្រះជន្មចាស់វស្សា និងគ្រប់គ្រងអំណាចយូរជាងគេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner