ហេតុអ្វីគ្រួសារកាន់តែច្រើននៅកម្ពុជាយកកូនកាន់តែតិចទៅៗ?

ភ្នំពេញ:ប្រទេសកម្ពុជាកំពុងជួបប្រទះការផ្លាស់ប្តូរប្រជាសាស្រ្តដ៏គួរឲ្យព្រួយបារម្ភដោយក្រុមគ្រួសារ ឬប្តីប្រពន្ធកាន់តែច្រើន ជ្រើសរើសយកកូនកាន់តែតិចទៅៗ ជានិន្នាការដែលជំរុញដោយសម្ពាធពីការចំណាយខ្ពស់ ទាំងក្នុងការចិញ្ចឹមបីបាច់ ការអប់រំ និងការថែទាំសុខភាព ផលលំបាកក្នុងការមើលថែកូន និងការប្រែប្រួលបទដ្ឋានយេនឌ័រជាដើម។
អ្នកតាមដានប្រជាសាស្ត្រទាំងក្នុងនិងក្រៅរដ្ឋាភិបាល បានកត់សម្គាល់ថា ប្រជាជនខ្មែរមួយចំនួននៅតាមទីក្រុងមានទំនោរយកកូនត្រឹមតែ២នាក់ ខណៈដែលអ្នកនៅខេត្ត និងជនបទ ចង់បានកូនបីនាក់ ឬច្រើនបំផុត បូននាក់។
កំណត់សម្គាល់នេះគឺស្របគ្នានឹងរបាយការណ៍ស្តីពីប្រជាជនរបស់អង្គការសហប្រជាជាតិ ដែលបានរកឃើញថា អត្រាកំណើតនៅកម្ពុជា បានបន្តធ្លាក់ចុះពី ៦នាក់ក្នុងស្ត្រីម្នាក់នៅឆ្នាំ ១៩៨១ មកប្រហែល ២នាក់ក្នុងស្ត្រីម្នាក់នៅឆ្នាំ ២០២៤ នេះ។ ស្របគ្នានេះ របាយការណ៍របស់វិទ្យាស្ថានជាតិស្តិតិ ឆ្នាំ២០២១ បង្ហាញថា អត្រាកំណើតនឹងបន្តធ្លាក់ចុះដល់ប្រហែលតែ១នាក់ប៉ុណ្ណោះក្នុងស្ត្រីម្នាក់នៅឆ្នាំ២០៥០។

អ្នកនាង យឹម សុធារី អ្នកចិត្តសាស្ត្រនៃមជ្ឍមណ្ឌលស្នេហា មើលឃើញថា ទំនោរចង់បានកូនតិចមានកាន់តែច្រើន ហើយសម្ពាធសេដ្ឋកិច្ចជាកត្តាចម្បង។ អ្នកនាង យឹម សុធារី៖«ភាគច្រើន យកកូន២ ហើយខ្ញុំជឿថា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ចហ្នឹងធំៗ ព្រោះការចិញ្ចឹមបីបាច់មើលថែកូនក្នុងជំនាន់នេះ អត់ថោកទេ អត់ដូចជំនាន់ឪពុកម្តាយរបស់យើងទេ »។
អ្នកស្រី ម៉ានិត្យ ជាគ្រូបង្រៀនម្នាក់នៅរាជធានីភ្នំពេញ យកកូនតែម្នាក់ប៉ុណ្ណោះ ព្រោះមិនមានអ្នកជួយមើលថែ ខណៈអ្នកស្រីជាប់បំពេញការងារ។ អ្នកស្រីនិយាយ៖«ខ្ញុំគិតថា ប្រហែលជាមាន៥០ ភាគរយ ដែលមានគំនិតដូចខ្ញុំ។ អ្នកខ្លះទៅ គាត់យកទៅដាក់ជាមួយម្តាយឪពុកគាត់ ដែលមានលទ្ធភាពយក១ទៀត ឱ្យបាន ឬ៣។ សម្រាប់ខ្ញុំ ដោយសារតែខ្ញុំមើលតែម្នាក់ឯង»។
ប្តីប្រពន្ធផ្សេងទៀតបានលើកឡើងពីជម្រើសរវាងគុណភាពនិងបរិមាណ ហើយខ្លះទៀតបារម្ភថា ការយកកូនច្រើននាំឲ្យពិបាកលៃទុកប្រាក់សន្សំ ហើយពេលចាស់ទៅពួកគេអាចក្លាយជាបន្ទុករបស់កូនៗទៅវិញ។
នេះជាកង្វល់ដ៏ធំមួយរបស់រដ្ឋាភិបាល។ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានប្រាប់ទូរទស្សន៍អប្សរាថា ប្រសិនបើមិនមានវិធានការទប់ស្កាត់ កម្ពុជានឹងក្លាយជាប្រទេសមនុស្សចាស់ដូចប្រទេសអភិវឌ្ឍន៍មួយចំនួន។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត លើកឡើងជាសាធារណៈជាមួយនឹងក្តីបារម្ភថា កម្ពុជាអាចប្រឈមនឹងការខ្វះកម្លាំងពលកម្មនាពេលអនាគតប្រសិនបើអត្រាកំណើតកាន់តែថយ។ សម្តេចលើកទឹកចិត្តឲ្យប្តីប្រពន្ធដែលមានលទ្ធភាពគួរយកកូនឲ្យបានច្រើន។
លោក សេក សុជាតិ ជាអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ និយាយថា រដ្ឋាភិបាលត្រូវតែមានយន្តការ លើកទឹកចិត្តឱ្យបានច្បាស់លាស់ និងមានប្រសិដ្ឋភាព។
ឯកឧត្តម ប៊ិន ត្រឈៃ ឆ្លើយតបថា រដ្ឋាភិបាលកំពុងរៀបចំគោលនយោបាយគាំទ្រ ហើយលោកថា ស្ថានភាពនេះនៅអាចស្រោចស្រង់បាននៅឡើយ។
យោងតាមជំរឿនទូទៅនៅឆ្នាំ២០១៩ កម្ពុជាមានប្រជាជនសរុបជាង១៥លាន៥សែននាក់។ នៅឆ្នាំ២០៥០ ប្រជាជនដែលមានអាយុពី១៥ ទៅ៦៤ឆ្នាំមានជាង៦៧% ៦៥ឆ្នាំឡើងទៅមាន១៧ភាគរយនិងអ្នកអាយុក្រោម១៥ឆ្នាំ មានតែប្រមាណ ១៥ភាគរយប៉ុណ្ណោះ៕


 ដោយ:ឡុង គីមម៉ារីតា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner